និពន្ធដោយ ភូ ចរិយា
នៅក្នុងកម្មវិធីលក់សៀវភៅ ខ្ញុំដើរមើលតាមតូប។
ខ្ញុំបានចូលតូបមួយ ឃើញមានសៀវភៅជាច្រើន សុទ្ធសឹងជាសៀវភៅរឿងមានរូបភាព។
ពេលខ្ញុំចាប់កាន់សៀវភៅមកបើកមើល ខ្ញុំឮអ្នកទិញដែលឈរក្បែរខ្ញុំនិយាយ៖
«ហើយសៀវភៅអី រូបអត់ស្អាតអ៊ីចឹង។ រូបឡើងមិនដឹងស្អី។»
អ្នកលក់មិនតប បានតែញញឹមដាក់ភ្ញៀវ។
មិនមែនតែម្នាក់ទេ។ អ្នកទិញភាគច្រើនពេលចូលតូបហ្នឹង គឺរអ៊ូគ្រប់គ្នាពីរឿងរូប ហើយពួកគេតែងតែដើរចេញទៅរកតូបផ្សេង។ កុំថាតែពួកគេ ខ្ញុំក៏មើលឃើញអ៊ីចឹងដែរ។ សាច់រឿងល្អ តែរូបពិតជាមិនស្អាតមែន។
ខ្ញុំបានរើសយកសៀវភៅផ្សេងៗមកមើល។ រូបអត់ស្អាតទាំងអស់។ ខ្ញុំក៏មើលឃើញឈ្មោះអ្នកគំនូរតែម្នាក់។ ពេលនោះខ្ញុំឆ្ងល់ ខ្ញុំក៏សួរ៖
«អូន! ខាងអូនឯងមានអ្នកគំនូរតែមួយហ្នឹងទេអ្ហ៊ែៈ?»
«ចាស៎បង! មានតែគាត់មួយហ្នឹង។» អ្នកលក់ញញឹមតប។
«ហើយចុះអូនឯងម៉េចមិនរកអ្នកគំនូរផ្សេងទៀត.. បើពិបាករក ចាំបងជួយណែនាំ។»
«ចាស៎បង មិនអីទេ។ អរគុណច្រើន។ ខាងខ្ញុំមិនចង់បានអ្នកគំនូរផ្សេងទេ។»
«ម៉េចអ៊ីចឹង? នែ បងមិនមែនចង់រិះគន់ទេ តែរូបគាត់ពិតជាអត់ស្អាតមែន។ កោតអូនឯងចេះជួលឲ្យគូរទៅកើត។»
«ចាស៎បង! គាត់គូរមិនស្អាតមែន តែខាងខ្ញុំសុខចិត្តទទួលរូបគាត់ដៃទាំងពីរ។ កាលពីមុន គាត់ជាអ្នកគំនូរល្បី គាត់គូរស្អាតណាស់។ ក្រោយមក គាត់កើតជំងឺលើសឈាម, ពិការមួយចំហៀងខ្លួន, ក៏លែងមានអ្នកត្រូវការគាត់។ ដោយសារគាត់ធ្លាប់គូរឲ្យខាងខ្ញុំ ដូច្នេះខាងខ្ញុំមិនចង់ទុកគាត់ចោលទេ ក៏ឲ្យគាត់គូរ ទោះមិនស្អាតក៏ដោយ ព្រោះគាត់ត្រូវការថវិកាដើមី្បព្យាបាល ហើយនិងចិញ្ចឹមខ្លួន។ ម៉្យាងទៀត ពេលគាត់ប្រឹងគូរ ដូចជួយឲ្យខ្លួនគាត់មានចលនា។ នេះមានផលល្អសម្រាប់ជួយព្យាបាលជំងឺរបស់គាត់។»
គ្រាន់តែឮហើយ ខ្ញុំប្រាប់ភ្លាម៖
«បងយកមួយក្បាល គ្រប់ចំណងជើងទាំងអស់។»
អ្នកលក់អរកខិបកខុបចាប់យកសៀវភៅមកច្រកថង់ រួចហុចឲ្យខ្ញុំ ព្រមទាំងពោល «អរគុណ» យ៉ាងញាប់ស្អេក៕
**
**
*
វាចាអ្នកនិពន្ធ
រឿងនេះ ខ្ញុំនិពន្នច្នៃតាមការពិតរបស់អ្នកគំនូរ «ឯម សត្យា»។
អំឡុងទសវត្ស ៩០ គាត់គូររូបដាក់សៀវភៅចម្រៀង និងសៀវភៅរឿងរូបភាពជាច្រើន។ គាត់គូរស្អាតណាស់។ ទាំងខ្ញុំទាំងគេជាហ្វេនគាត់។
ក្រោយមក គាត់ក៏បាត់មុខ។
មុនឆ្នាំ ២០១៩ ខ្ញុំបានឃើញឈ្មោះរបស់គាត់នៅលើសៀវភៅរឿងនិទានរបស់បណ្ណាគារមួយ។ ខ្ញុំសឹងតែមិនជឿថាជាស្នាដៃគាត់ ព្រោះរូបមិនស្អាតទាល់តែសោះ។
ក្រោយមក ម្ចាស់បណ្ណាគារបានរៀបរាប់ពីស្ថានភាពរបស់គាត់ថា គាត់មានជំងឺលើសឈាម និងស្លាប់មួយចំហៀងខ្លួន (បើតាមខ្ញុំចាំ)។ ពេលដែលឈឺគឺពេលដែលអត់, អត់ទាំងលុយ អត់ទាំងការងារ។
ដោយសារតែរាប់អានគ្នាច្រើនឆ្នាំ ម្ចាស់បណ្ណាគារបានប្រាប់ឲ្យគាត់គូរ។ ទោះស្អាតមិនស្អាត, ត្រូវឬខុសក៏ដោយ។ គាត់ក៏ព្រមគូរ ដោយប្រើដៃឆ្វេង ហើយម្ចាស់បណ្ណាគារទទួលយកទាំងអស់ និងមិនដែលឲ្យគាត់កែអ្វីទេ ព្រោះដឹងថាគាត់ពិបាកកែ។ បន្ទាប់មក ម្ចាស់បណ្ណាគារយករូបនោះមកដាក់អមរឿងនិទាន ហើយបោះពុម្ពជាសៀវភៅ។
ពេលដាក់លក់ អ្នកទិញមួយណាក៏រអ៊ូដែរថា រូបមិនស្អាត រូបមិនត្រូវនឹងសាច់រឿងជាដើម ហើយក៏មិនសូវមានអ្នកទិញដែរ។ ប៉ុន្តែម្ចាស់បណ្ណាគារមិនខ្វាយខ្វល់នឹងការរិះគន់របស់អ្នកទិញ នៅតែបន្តទិញគំនូរពីគាត់រហូត។
ចំពោះស្ថានភាពបច្ចុប្បន្នរបស់គាត់, ខ្ញុំមិនបានដឹងទេ។
រឿងនេះ ខ្ញុំសរសេរប្រហែលជាមួយឆ្នាំពីរឆ្នាំហើយ តែដាក់លើទំព័រហ្វេសប៊ុក។ ខ្ញុំទើបតែយកមកដាក់គេហទំព័រ ហើយក៏សរសេរបញ្ជាក់ ដើមី្បឲ្យយល់ពីសាច់រឿងថា ខ្ញុំចង់និយាយពីអ្វី។