និពន្ធដោយ ភូ ចរិយា
តាឡូយដើរត្រុកៗឆ្លងថ្នល់ទៅកាន់ខ្ទមអ្នកតាមួយដែលនៅក្រោមដើមព្រីង។
ទៅដល់ គាត់លុតជង្គង់ ហើយលើកដៃទាំងពីរសំពះ៖
«អ្នកតាដើមព្រីងអើយ! ខ្ញុំរស់ជាងពាក់កណ្តាលជីវិតទៅហើយ ដេកតែលើរនាប និងក្រោមដំបូលសង្ក័សី។ ខ្ញុំមិនដែលបានដេកលើគ្រែទន់ ក្នុងម្លប់ត្រជាក់សោះ។ ហេតុនេះទើបខ្ញុំមកសុំអ្នកតាដើមព្រីងឲ្យជួយឲ្យខ្ញុំបានស្គាល់ជាតិដេកពូក និងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បានម្តង។ ខ្ញុំមិនសុំឲ្យបានដេករហូតទេ ត្រឹមតែមួយខែគឺគ្រប់គ្រាន់ហើយ ហើយនិងដោយខ្ញុំមិនបាច់អស់ប្រាក់ មានន័យថា មានគេចេញលុយឲ្យដេក។ ខ្ញុំមិនប្រកាន់ថាដេកនៅឯណាទេ។ សំខាន់ឲ្យតែបានតាមចិត្តប្រាថ្នាបីចំណុច គឺបានដេកលើពូក, ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងគេចេញលុយឲ្យ។»
បន់រួច តាឡូយថ្វាយបង្គំបីដង ទើបក្រោក។
គាត់ងើយមើលឃើញថ្ងៃក្តៅចែស គាត់ក៏នឹកត្រឡប់ទៅផ្ទះវិញ។
គ្រាន់តែបង្វែរខ្លួន មិនទាន់បានឈានជើងផង ស្រាប់តែក្មេងម្នាក់ជិះកង់ដៃការេ មិនដឹងមកពីណា មកចូលក្រោមក្លៀកខាងឆ្វេងរបស់គាត់។
ដោយរឿងរ៉ាវកើតភ្លាមៗពេក តាឡូយរាងលីលើ។ គាត់ដឹងត្រឹមថា ក្មេងនោះទូរស័ព្ទហៅឪពុក។ បន្ទាប់មកឪពុករបស់ក្មេងមកដល់ និងបានជូនគាត់ទៅមន្ទីរពេទ្យ។
កូនចៅតាឡូយបានទទួលដំណឹង និងបានមកដល់មន្ទីរពេទ្យ។ ឪពុក និងក្មេងជិះកង់បានសុំទោសតាឡូយ និងក្រុមគ្រួសារ។ ក្មេងនោះបានប្រាប់ដោយត្រង់ថា ឪពុកទិញកង់ថ្មីឲ្យ, គ្នាក៏យកមកជិះ។ មិនដឹងយ៉ាងម៉េច ពេលជិះមកដល់កន្លែងតាឡូយ, នៅសុខៗកង់ស្រាប់តែរេចង្កូត។ គ្នាខំប្រឹងចាប់ហ្វ្រាំងដែរ តែចាប់មិនជាប់។
តាឡូយ និងកូនចៅស្តាប់ហើយក៏មិនប្រកាន់ទោសចាប់អូសដំណើរក្មេងដែរ។
តាឡូយមិនមានគ្រោះថ្នាក់ដល់ជីវិតទេ គ្រាន់តែថ្លោះក្លៀក និងជាំខ្លួនមួយជួរ ផ្នែកក្រោមក្លៀកនោះ។ ប៉ុន្តែដោយសារតែគាត់អាយុច្រើន ពេទ្យណែនាំឲ្យនៅពេទ្យ ដើមី្បមើលថែ និងតាមដាន។ ឪពុកក្មេងជិះកង់ធានាចេញថ្លៃចំណាយគ្រប់យ៉ាង និងបានជួលបន្ទប់ VIP ឲ្យតាឡូយដេកទៀតផង។
ក្នុងរយៈពេលព្យាបាល តាឡូយដេកលើគ្រែពេទ្យដែលមានពូកទន់, ក្នុងបន្ទប់គាត់មានម៉ាស៊ីនត្រជាក់។ ប៉ុន្តែគាត់បានតែដេកស្ងៀម។ ពេលចង់ក្រោក គាត់ត្រូវពឹងកូនចៅគាត់ឲ្យជួយលើកជួយគ្រាហ៍។ ពេលបាយត្រូវមានអ្នកបញ្ចុក។ សូមី្បតែប្រែខ្លួនក៏ពិបាក, ឈឺដូចគេវាយដំនឹងដំបង។
គ្រប់មួយខែ ទើបគាត់បានជាសះស្បើយ បានកម្រើកដៃកម្រើកខ្លួនដូចធម្មតា។ ពេលត្រឡប់មកនៅផ្ទះ តាឡូយមិនដែលនឹកចង់ដេកលើពូក ឬក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតឡើយ៕