និពន្ធដោយ ភូ ចរិយា
កន្លែងធ្វើការថ្មីរបស់ខ្ញុំជាអគារ និងប្រើបន្ទប់ទឹករួម។
ទម្លាប់ខ្ញុំ ម៉ោង ១០ ព្រឹក ដឹងតែទៅបន្ទប់ទឹក។
ពេលចូលបត់ជើង ខ្ញុំតែងមើលតាមប្រហោង ក្រោមទ្វារឃើញស្រមោលមនុស្សដើរកាត់មុខបង្គន់។ ខ្ញុំអត់ដែលចាប់អារម្មណ៍ទេ ព្រោះគិតថាជាស្រមោលអ្នកមកបត់ជើង ដោយសារបន្ទប់ទឹកនេះមានបង្គន់ពីរ។
ថ្ងៃមួយ ខ្ញុំទៅបត់ជើងតូច។ ពេលកំពុងតែបន្ធូរអារម្មណ៍ ក៏ឃើញស្រមោលដើរ កាត់មុខបង្គន់ តែលើកនេះឃើញដូចដើរកៀកនឹងទ្វារ ឯកន្លងមកដើររាងឃ្លាតឆ្ងាយពីទ្វារ។
ខ្ញុំអត់អើពើ ខ្ញុំបន្តកិច្ចការរបស់ខ្ញុំ។ ពេលនោះក៏ឮសំឡេងគ្រហឹមហ៊ឺៗជាបទចម្រៀង។ ខ្ញុំរាងភ្ញាក់ និងឆ្ងល់។ ការច្រៀងក្នុងបន្ទប់ទឹកមធ្យម ងំសំឡេងប្រុស។ ខ្ញុំរាងមានអារម្មណ៍មិនល្អសោះ។ មិនដឹងប្រុសណាឆ្កួតដល់ម្ល៉ឹង មកច្រៀងនៅបន្ទប់ទឹកខាងស្រី។
ក្រោយបត់ជើងហើយ ខ្ញុំក៏បើកទ្វារចេញទៅ។
មុនបើកទ្វារ ខ្ញុំឃើញស្រមោលនោះនៅឈរមុខបន្ទប់នៅឡើយ។ ខ្ញុំខំនឹកថា ពេលចេញទៅ នឹងអាលជេរអាគាត់នោះឲ្យណាណីម្តង។ ប៉ុន្តែពេលបើកទ្វារក្រាក ស្ងាត់ច្រៀប គ្មានមនុស្សសោះ។ ខ្ញុំអើតមើលបង្គន់ជាប់នោះ ឃើញទ្វារចំហ ហើយគ្មានមនុស្សនៅក្នុងហ្នឹងទេ។
ខ្ញុំដើរទៅលាងដៃបណ្តើរ នឹកឆ្ងល់បណ្តើរ។
នៅកន្លែងលាងដៃមានកញ្ចក់ដែលឆ្លុះឃើញបង្គន់ទាំងពីរដែលនៅពីក្រោយខ្នង។
ពេលខ្ញុំកំពុងឱនមុខ ផ្ចង់ភ្នែកលាងដៃនឹងសាប៊ូ ស្រាប់តែសំឡេងគ្រហឹមដដែលនោះលាន់ឡើងធ្វើឲ្យខ្ញុំភ្ញាក់ព្រើត។ សំឡេងនោះឮចេញពីបង្គន់ដែលខ្ញុំចូលអម្បាញ់មិញ។ ខ្ញុំងើបមុខឡើងមួយរំពេច។ មិនទាន់បានងាកផង ក៏ប្រទះភ្នែកមើលតាមកញ្ចក់ ឃើញប្រុសម្នាក់ឈរនៅក្នុងបង្គន់ដែលខ្ញុំចូល ដោយបែរខ្នងមកក្រៅ។ ប្រុសម្នាក់នោះពាក់អាវសឺមីពណ៌ផ្ទៃមេឃ និងស្លៀកខោខូវប៊យពណ៌ខៀវចាស់ ហើយ ហើយ ហើយអត់មានជើងទេ…
គ្រាន់តែឃើញប៉ុណ្ណឹង ខ្ញុំក៏ដាក់មេប្រូចរត់មកបន្ទប់ធ្វើការដូចគេជិះមីស៊ីល។
ខ្ញុំបានប្រាប់ដល់បងថនដែលជាមិត្តរួមការងារ។ ស្តាប់ហើយ គាត់ប្រាប់ថា ៖
«បន្ទប់ទឹកហ្នឹងកាលពីមុនជាបន្ទប់ទឹកប្រុស។ បីខែមុនមានប្រុសម្នាក់មកចង-ក-សម្លាប់ខ្លួនក្នុងហ្នឹង។ ដោយសារតែឮសូរថាលងពេក ក្រោយមកមិនដឹងម៉េច គេក៏ប្តូរធ្វើជា បន្ទប់ទឹកស្រីវិញ។»
គ្រាន់តែឮ ខ្ញុំខឹងឆេវ ៖
«ហើយចុះម៉េចមិនវ៉ៃចោលទៅ? ម៉េចក៏ប្តូរមកឲ្យស្រីៗទៅវិញ!»
«បងអត់ដឹងដែរ។» បងថនពោល៕