និពន្ធដោយ ភូ ចរិយា
សុភាជាកូនរបស់ពូសាន និងមីងសុផា។ អ្នកទាំងពីរមានរបរជាអ្នកលក់ទិញអេតចាយ។ ក្នុងផ្ទះពីរល្វែងធំៗផ្ទុកពេញទៅដោយអេតចាយ។
សុភានាងខ្មាសគេ ព្រោះតែឪពុកម្តាយជាអ្នករកស៊ីមុខរបរនេះ។ នាងមិនដែលឲ្យ នរណាស្គាល់ផ្ទះឡើយ។ ពេលមិត្តភក្តិសួរពីមុខរបររបស់ប៉ាម៉ាក់ នាងនិយាយពីអ្វីផ្សេងវិញ។
ថ្ងៃនេះ សុភាអង្គុយនៅលើផ្ទះស្តាប់ចម្រៀង។ កំពុងតែជក់ចិត្ត ទូរស័ព្ទក៏រោទ៍ឡើង។ នាងទទួល៖
«អាឡូ ភា! (សំឡេងនិយាយពីក្នុងទូរស័ព្ទ) គ្នាណា៎!»
«អឺ! មានការអីអាវី?»
«ល្ងាចនេះ គ្នាមានជប់លៀងនៅផ្ទះ។ ឯងមកលេងដែរម៉ោ?»
«ចាំមើលសិន! មិនដឹងថាបានទៅឬអត់ទេ។»
«ម៉ោៗ ចាំមើលអី សុំប៉ាម៉ាក់ឯងទៅ។ បើអត់មានអីជិះ គ្នាទៅយកក៏បានដែរ។»
«មិនបាច់ទេ មិនបាច់មកទេ! (សុភាពោលឃាត់) គ្នាទៅខ្លួនឯងក៏បាន។»
«អឺ! កុំភ្លេចណា៎។»
«អូខេ! ល្ងាចនេះជួបគ្នា។»
សុភាដាក់ទូរស័ព្ទចុះ នាងព្រួយខ្លាចប៉ាម៉ាក់មិនអនុញ្ញាត។
ដល់ពេលបាយថ្ងៃត្រង់ សុភាញ៉ាំបណ្ដើរ លួចសម្លឹងប៉ាម៉ាក់នាងបណ្ដើរ។ នាងមានការអល់អែក មួយសន្ទុះនាងក៏សម្រេចចិត្តសុំ៖
«ប៉ាម៉ាក់! ល្ងាចនេះពួកម៉ាកកូនហៅទៅជប់លៀងផ្ទះរបស់គេ (នាងនិយាយតិចៗឱនមុខចុះ)។»
ពូសានសម្លឹងមុខកូន រួចក៏អនុញ្ញាត៖
«អើ! ទៅចុះកូន តែអត់ដល់យប់ទេ ប្រញាប់មកផ្ទះវិញ។»
«ចាស! (សុភាឆ្លើយដោយត្រេកអរ)។»
ថ្ងៃរសៀលបន្ដិចទៅហើយ តាមដងវិថីមនុស្សម្នាកកកុញ សុភាមិនប្រញាប់ទេ មួយស្របក់ក៏ទៅដល់ផ្ទះណាវី។ សុភាបណ្ដើរម៉ូតូចូលទៅក្នុងទីធ្លាផ្ទះដ៏ធំ នាងមានការស្ញប់ស្ញែងចំពោះក្រុមគ្រួសារណាវីដែលមានផ្ទះវីឡាធំស្កឹមស្កៃស្រស់ស្អាតបែបនេះ។ សុភាដើរតាមណាវីចូលទៅបន្ទប់ទទួលភ្ញៀវ ដែលតាក់តែងយ៉ាងប្រណីតគួរឲ្យគយគន់។ សុភាឃើញមិត្តរបស់នាងបួននាក់កំពុងអង្គុយជជែកគ្នា និងអ្នកខ្លះញ៉ាំទឹកក្រូច ផ្លែឈើ។
«អេភា! (មិត្តម្នាក់ហៅ) មកអង្គុយលេង។ គ្នាស្មានតែមិនមកទេតើ។»
សុភាញឹមៗដើរចូលទៅអង្គុយក្បែរពួកគេ តែភ្នែកសម្លឹងមើលជុំវិញបន្ទប់ នាងនឹក សរសើរសំណាងរបស់ណាវីដែលកើតមកមានផ្ទះធំល្អស្អាតបែបនេះ។
«ផ្ទះឯងធំណាស់ ហើយស្អាតទៀត (មិត្តម្នាក់ទៀតនិយាយទៅកាន់ណាវី) ប៉ាម៉ាក់ទៅណា?»
«ពួកគាត់ភាគច្រើននៅខេត្ត។ ខ្ញុំនៅជាមួយនឹងបងប្រុស ឥឡូវគាត់ចេញទៅក្រៅហើយ។»
មិត្តភក្តិទាំងអស់អង្គុយសរសើរផ្ទះរបស់ណាវីដូចសុភាដែរ ស្របពេលអ្នកបម្រើម្នាក់ចូលមករក៖
«អូនអ្ហា៎! បន្លែរៀបចំរួចហើយ។»
ណាវីមិនតបទៅអ្នកបម្រើវិញទេ នាងងាកមកប្រាប់មិត្តភក្តិដែលកំពុងទស្សនារូបភាពផ្សេងៗដែលដាក់តាំងតាមជញ្ជាំង៖
«អង្គុយលេងសិនណា គ្នាទៅមើលចង្រ្កានបន្តិច។»
បន្ទាប់ពីណាវីចេញទៅ ពួកមិត្តទាំងអស់មកប្រជុំគ្នានិយាយ៖
«អាវីមានសំណាងណាស់ហ្ន៎!»
«ពិតមែនហើយ! កូនគេកើតមកមានតែម្តង…»
សុភាអង្គុយស្តាប់មិត្តទាំងនោះ។ នាងមិនមានការច្រណែននឹងមិត្តដែលកើតមក មានវាសនាល្អបែបនេះទេ តែនាងនឹកតូចចិត្តនឹងខ្លួននាងទៅវិញ។ សុភានឹកថា ‘កូនគេកើតមកមានផ្ទះធំនៅ មានឡានជិះ។ ឯងវិញផ្ទះតូច ហើយមានសុទ្ធតែរបស់ដែលគេបោះបង់ចោលគរពេញផ្ទះ។ ម្តេចក៏ឪពុកម្តាយមិនរករបរអ្វីផ្សេង មកចាប់យកមុខរបរនេះទៅវិញ ធ្វើឲ្យនាងត្រូវខ្មាសគេ មិនហ៊ានជួបជាមួយនរណាទាំងអស់’។
មួយស្របក់ក្រោយមក ណាវីបបួលមិត្តភក្តិឲ្យទៅញ៉ាំអាហារ។ ទាំងអស់គ្នាដើរតាមណាវី។ នៅទីនោះមានរៀបចំចង្ក្រានអាំងសាច់ មាននំនេកគ្រប់យ៉ាង ម្នាក់ៗសប្បាយរីករាយពេលឃើញរបស់ញ៉ាំដ៏សម្បូរបែបអស់ទាំងនេះ។ ណាវីបានណែនាំឲ្យស្គាល់មិត្តភក្តិនាងបីបួននាក់ផ្សេងទៀត ដែលទើបតែមកដល់។ ទាំងអស់គ្នាសួស្តីគ្នាទៅវិញទៅមក រួចក៏កម្សាន្តសប្បាយជាមួយគ្នា។ គ្រប់គ្នាសើចក្អាកក្អាយ ជជែកគ្នា សើចលេងជាមួយគ្នា មានតែសុភាទេដែលអង្គុយស្ងៀមមិននិយាយស្តី បានតែសើចញញឹម ចាំស្តាប់គេ។ ក្នុងចំណោមមិត្តភក្តិថ្មីរបស់ណាវី មានយុវជនម្នាក់ចេះតែលួចសម្លឹងមើលសុភាជាញឹកញយ។ សុភាមិនបានដឹងខ្លួន ទេ នាងអង្គុយម្នាក់ឯង កាន់កែវទឹកក្រូចញ៉ាំតាមធម្មតា។ យុវជននោះចូលទៅរកនាង រួចសួរថា៖
«យ៉ាងម៉េចហើយ? ម៉េចក៏មិនទៅជជែកជាមួយគេអ៊ីចឹង?»
សុភាមិនតប គ្រាន់តែញញឹមរក។ យុវជននោះទាញកៅអីមកអង្គុយក្បែរសុភា រួចសួរទៀត៖
«ជាពួកម៉ាកណាវីមែនទេ?»
«ចាស!»
«ស្គាល់ណាវីយូរហើយឬ?»
«យើងរៀនជាមួយគ្នា។»
«អ្ហូ! និយាយអ៊ីចឹង អឺ… ឈ្មោះអីដែរ? ខ្ញុំឈ្មោះមករា។»
«ខ្ញុំឈ្មោះសុភា។»
«រីករាយដែលបានស្គាល់។ ម៉េចមិនទៅលេងជាមួយនឹងគេអ៊ីចឹង? អត់ចូលចិត្តអ្ហ៊ែៈ?»
«មិនមែនទេ! ខ្ញុំមិនសូវចេះនិយាយ ទោះបីចូលទៅ ក៏មិនដឹងនិយាយអ្វីជាមួយគេដែរ។»
«អ៊ីចឹងអ្ហ៎? ខ្ញុំស្មានតែមិនចូលចិត្ត។ ភារៀននៅផ្នែកអីដែរ?»
«ខ្ញុំរៀនផ្នែកច្បាប់។»
«ឯខ្ញុំ រៀននៅផ្នែកសេដ្ឋកិច្ច ឆ្នាំទីបួន។ ភាឆ្នាំទីប៉ុន្មានហើយ?»
«ចាស ទើបតែឆ្នាំទីបីទេ។»
សុភានិយាយមួយៗ នាងញញឹមទៅគូសន្ទនាច្រើនជាង។ គេទាំងពីរជជែកគ្នារហូតដល់ល្ងាច។ សុភាមើលនាឡិកាឃើញម៉ោងប្រាំមួយល្ងាច ក៏លាមិត្តត្រឡប់ទៅផ្ទះវិញ៖
«យប់ហើយ នៅធ្វើអីទៀត។ ខ្ញុំលាសិនហើយ។»
«បាទ! អញ្ជើញឲ្យបានសុខសប្បាយ។ ថ្ងៃក្រោយជួបគ្នា។»
ការចាកចេញរបស់សុភា ធ្វើឲ្យមករាអល់ឯក ចង់តែទៅតាម តែគេខំទប់ចិត្តមកវិញ។
**
**
*
ថ្ងៃនេះ មករាទូរស័ព្ទមករកនាង។ សុភាមានការងឿងឆ្ងល់ ដែលគេស្គាល់លេខរបស់នាង។
«ម៉េចក៏ស្គាល់លេខរបស់ខ្ញុំ?»
«ខ្ញុំសួរណាវី។ យ៉ាងម៉េចហើយ សុខសប្បាយទេ?»
«ចាស! ចុះមករាវិញ?»
«ខ្ញុំសុខតែរហូតហ្នឹង និយាយអ៊ីចឹងផ្ទះសុភានៅម្តុំណាដែរ?»
«ចាស ផ្ទះខ្ញុំនៅម្តុំផ្សារដេប៉ូ។»
«ខ្ញុំសួរណាវីដែរ តែណាវីថាអត់ស្គាល់។ គេថាភាមិនដែលប្រាប់ផ្ទះឲ្យនរណាដឹងទេ។»
«ត្រូវហើយ! មកពីផ្ទះខ្ញុំអីវ៉ាន់ច្រើនពេក អត់មានកន្លែងទទួលភ្ញៀវឲ្យអង្គុយលេងទេ។»
«ផ្ទះភាទុកអីវ៉ាន់អី? លក់អីដែរ?»
«គឺ… អឺ…»
«មិនអីទេ។ ខានស្អែក ខ្ញុំអញ្ជើញភាមកចូលរួមបុណ្យកំណើតប្អូនរបស់ខ្ញុំ។»
«ខ្ញុំមិនដឹងថាទំនេរឬអត់ផង។»
«មិនទំនេរក៏មិនអីដែរ តែខ្ញុំចង់ឲ្យភាមកចូលរួម មិនបាច់កាដូស្អីទេ!»
«តែខ្ញុំមិនច្បាស់ទេថាអាចទៅបានឬអត់។»
«ខ្ញុំលាសិនហើយ សង្ឃឹមថាបានចាំជួបគ្នានៅថ្ងៃនោះ។»
«ចាស! ជម្រាបលា។»
**
**
*
យប់ថ្ងៃ ថ្ងៃយប់។ មករាទន្ទឹងចាំផ្លូវសុភាដោយអន្ទះសា។ គ្រាន់តែឃើញនាងមកដល់ គេអរសឹងតែហោះ។ មករាស្ទុះទៅទទួលរាក់ទាក់សុភា នៅមាត់ទ្វាររបង។
«ខ្ញុំស្មានតែមិនមកទេ។»
«ខ្ញុំប្រាប់ហើយថាអត់ប្រាកដទេ (សុភាឆ្លើយតប ដោយញញឹមផង)។»
មករានាំសុភាចូលទៅជម្រាបសួរឪពុកម្តាយ និងណែនាំឲ្យស្គាល់បងប្អូនសាច់ញាតិគេ។ ណាវី និងមិត្តភក្តិដែលចូលរួមក្នុងពិធីនោះនាំគ្នាចំអន់ឲ្យសុភាគ្រប់គ្នាៗ។ សុភាមិននិយាយអ្វីទេ នាងគ្រាន់តែញឹមៗតបវិញប៉ុណ្ណោះ។
តាំងពីថ្ងៃនោះមក សុភា និងមករាចាប់ផ្តើមទាក់ទងគ្នាកាន់តែជិតស្និទ្ធ។ ពួកគេតែងតែទៅញ៉ាំបាយ និងចូលបណ្ណាល័យជាមួយគ្នា។ រាល់យប់ មករាទូរស័ព្ទទៅរកសុភាមិនដែលខាន។ កាលពីមុន សុភាទម្លាប់ញ៉ាំអាហារពេលព្រឹកនៅផ្ទះរួចទើបទៅរៀន ឥឡូវនាងទៅញ៉ាំជាមួយនឹងមករានៅឯសាលា។
ឯមករា គេតែងតែចង់ស្គាល់ផ្ទះរបស់សុភា តែសុភាចេះតែរកលេសបង្វែងនាយ មិនឲ្យទៅផ្ទះរបស់នាង។ មករាតាមសួរនាងច្រើនដង ដល់ឃើញនាងចេះតែមានលេសច្រើនពេក នាយឈប់សួរ។ សុភាមានការខ្វល់ខ្វាយចិត្ត ខ្លាចមករាតាមស្គាល់ផ្ទះរបស់នាង។ នាងបារម្ភថា ពេលមករាដឹងថាឪពុកម្តាយនាងជាអ្នកលក់អេតចាយ គេនឹងឈប់ទាក់ទងជាមួយនាង ព្រោះគេជាកូនអ្នកមាន គេប្រហែលជាមិនអាចទទួលកូនអ្នកលក់អេតចាយបានទេ។ សុភាគិតច្រើន រហូតដល់ខឹងនឹងឪពុកម្តាយរបស់នាង។ នាងរអ៊ូថា ‘ហេតុម្តេចក៏ពួកគាត់មកចាប់យករបរនេះ?’ នាងយល់ថា ពួកគាត់ធ្វើឲ្យនាងខ្មាសគេ ធ្វើឲ្យគេសើចចំអកឲ្យនាង។
កាលពីរៀននៅវិទ្យាល័យ មានមិត្តរួមថ្នាក់នាងម្នាក់ស្គាល់ផ្ទះរបស់នាងដឹងថា ប៉ាម៉ាក់របស់នាងរកស៊ីលក់អេតចាយ។ ក្មេងនោះបានយករឿងនេះទៅប្រាប់ឲ្យមិត្តក្នុងថ្នាក់ដឹង ហើយពួកគេសើចចំអក និងហៅនាងថា ‘នាងអេតចាយៗ’។ សុភាខឹងណាស់។ នាងត្រឡប់មកផ្ទះ ហើយអង្គុយយំម្នាក់ឯង ដោយមិនប្រាប់ឲ្យឪពុកម្តាយដឹងទេ។ តាំងពីពេលនោះមក នាងមិនដែលឲ្យមិត្តភក្តិណាម្នាក់ស្គាល់ផ្ទះរបស់នាងឡើយ។ សុភានៅនឹកដល់សំឡេង និងសំណើចដែលក្មេងៗទាំងនោះសើចចំអកឲ្យនាង។ រូបភាពដែលពួកគេធ្វើទាំងប៉ុន្មាននៅដិតជាប់ក្នុងអារម្មណ៍របស់នាងនៅឡើយ។
**
**
*
រសៀលនេះ អាកាសធាតុក្ដៅស្អុះស្អាប់ណាស់។ សុភាចេញមកខាងក្រៅផ្ទះ ដើម្បីរកទិញទឹកអំពៅដែលលក់ក្បែរនោះ។ ចេញផុតពីរបង ស្រាប់តែនាងជួបនឹងមករាដោយចៃដន្យ។ សុភាឃើញមករាភ្លាម នាងភ័យឡើងញ័រដៃ។ មករាញញឹមមករកនាង ហើយនិយាយថា៖
«សួស្តី!»
«ចាស… សួស្តី! (នាងសម្លឹងមុខមករា ក្នុងចិត្តនឹកបារម្ភ)» ឯមករាមើលទៅផ្ទះរបស់នាងរួចសួរ៖
«ផ្ទះរបស់ភាមែនទេ?»
សុភាអេះអុញមិនចង់ឆ្លើយ។ នាងនឹកចង់កុហកថាជាផ្ទះរបស់ពូមីង តែនាងនិយាយមិនចេញ ក៏ងក់ក្បាលតបជំនួសវិញ។
មករាមិនសួរទៀតទេ គេបែរជានិយាយលាទៅវិញ ចួនពេលដែលយុវជនម្នាក់ឡើងជិះម៉ូតូពីក្រោយនាយ៖
«ខ្ញុំទៅសិនហើយភា។ ពួកម៉ាកខ្ញុំមកដល់ហើយ។»
«ចាស។»
នាងដើរត្រឡប់ចូលផ្ទះវិញ។ ពេលនោះនាងឮមិត្តរបស់មករាសួរ៖
«ម្នាក់ហ្នឹងមែនទេមករា?»
«ហ្នឹងហើយ។»
«កូនអ្នកលក់អេតចាយហ្នឹង?»
ប្រយោគចុងក្រោយរបស់គេនេះ ធ្វើឲ្យសុភារញ្ជួយចិត្តមែនទែន។ នាងមានអារម្មណ៍ថាឈឺចាប់ណាស់ពេលឮសម្ដីនេះ។ សុភាប្រឹងទប់ទឹកភ្នែក។ នាងដើរចូលផ្ទះ នាងមើលមិនឃើញ ស្តាប់មិនឮនរណាហៅទាំងអស់។ ពូសានខំស្រែកហៅកូនស្រី ប៉ុន្តែនាងបែរជាដើរធ្វើមិនដឹង ដូចមនុស្សគ្មានវិញ្ញាណ ធ្វើឲ្យគាត់ឆ្ងល់ខ្លាំងណាស់។
«កូនហ្នឹងវាយ៉ាងម៉េច? (ពូសានសួរទៅប្រពន្ធគាត់) មើលទៅវាដូចខ្មោចចូលអ៊ីចឹង?»
«បង កុំថាឲ្យកូនអ៊ីចឹង ប្រហែលវាខ្វល់ខ្វាយពីរឿងរៀនហ្នឹងណា៎។»
«មើលកូនផងទៅ ប្រាប់វាកុំឲ្យខំពេក!»
មីងសុផាស្តាប់ប្តី គាត់ទម្លាក់ដបកំប៉ុងចុះលាន់ប្រាវ ហើយដើរទៅរកកូន។ សុភាចាក់សោរបន្ទប់ជាប់ មីងសុផាហៅឲ្យកូនបើកទ្វារ៖
«ភា! បើកទ្វារឲ្យម៉ាក់ផងកូន។»
«ម៉ាក់មានការអី?» (សុភាឆ្លើយពីក្នុងបន្ទប់)
«ម៉ាក់ចង់សួរកូន។ កូនមិនស្រួលខ្លួនមែនទេ?»
«អត់អីទេម៉ាក់! កូនឈឺក្បាល កូនចង់គេង។»
«អឺ! បើឈឺគេងទៅ តែកូនសម្រាករៀនខ្លះទៅ ប្រយ័ត្នកាន់តែធ្ងន់ណាកូន។»
មីងសុផាមិនហ៊ានរំខានកូន គាត់ចុះទៅក្រោម ទាំងក្នុងចិត្តព្រួយនឹងកូនស្រី។ សុភានៅក្នុងបន្ទប់គេងយំ។ នាងបានបំភ្លេចពាក្យថា ‘កូនអ្នកលក់អេតចាយ’ នេះយូរណាស់មកហើយ នាងតែងសង្ឃឹមថា នាងនឹងមិនបានឮពាក្យនេះទៀតទេ តែពេលនេះ ពាក្យនេះបានបន្លឺឡើងម្តងទៀត។ នាងខាំមាត់ នឹកខឹងនឹងឪពុកម្តាយ មិនគួរណានាងមកកើតចំគ្រួសារបែបនេះទេ មិនគួរណានាងមានឪពុកម្តាយជាអ្នកលក់អេតចាយបែបនេះទេ…!
សុភាគេងយំអស់ជាច្រើនម៉ោង ភ្នែកនាងឡើងហើម តែនាងមិនព្រមប្រាប់ការពិតដល់ប៉ាម៉ាក់នាងឡើយ នាងនិយាយប្រាប់ពួកគាត់ថា មកពីនាងមើលសៀវភៅច្រើនពេក។
តាំងពីថ្ងៃនោះ មករាមិនសូវទូរស័ព្ទមករកនាងទេ សូម្បីតែពេលព្រឹក ក៏មិនឃើញគេមកបបួលនាងទៅញ៉ាំបាយដែរ។ សុភាគិតថា មកពីគេដឹងប្រវត្តិរបស់នាង ដឹងពីមុខរបររបស់ឪពុកម្តាយនាង ហើយយល់ថាមិនសក្តិសម ទើបគេឈប់ទាក់ទងនឹងនាងដូច្នេះ គេពិតជាគេចវេសពីនាង។ សុភានឹកតូចចិត្ត ខឹង និងឈឺចិត្តយ៉ាងខ្លាំង។ ដូចពីមុនដែរ គឺនាងទម្លាក់កំហុសទៅលើឪពុកម្តាយ។ នាងថា៖ ‘មកពីពួកគាត់ ទើបបានជានាងជួបនឹងរឿងបែបនេះ’។ នាងខូចចិត្ត សម្ងំក្នុងបន្ទប់ មិនសូវនិយាយស្តី និងមានជំងឺគ្រុនក្តៅជាច្រើនថ្ងៃ ធ្វើឲ្យមីងសុផាសែនព្រួយចំពោះសុខភាពកូនស្រីគាត់។
រាល់រាត្រី នាងទន្ទឹងចាំទូរស័ព្ទរបស់មករា តែគ្មានដំណឹង។ សុភាពិបាកចិត្តណាស់… នាងគិតតែយំៗ។
ពេលមួយទូរស័ព្ទរោទ៍ឡើង។ សុភាស្ទុះយ៉ាងលឿនទទួលទូរស័ព្ទ តែគឺណាវីសោះ។
«អាឡូ ភា!»
«អូអាវីទេ! មានការអីដែរ?»
«ឯងយ៉ាងម៉េច បានជាមិនទៅរៀនអ៊ីចឹង?»
«ខ្ញុំឈឺ។»
«អ្ហាក៎ឈឺ! ម៉េចអត់មាននរណាដឹងអ៊ីចឹង? ឯងឈឺអី? ធ្ងន់ឬ?»
«អត់អីទេ គ្រាន់តែគ្រុនបន្តិចបន្តួចប៉ុណ្ណោះ។»
«អ៊ីចឹងចាំគ្នាទៅមើលណា៎។»
«មិនបាច់ទេ។ គ្នាមិនអីទេ។»
«មិនអីទេ! ចាំគ្នាទំនេរ គ្នាទៅមើល។ ប៉ុណ្ណឹងចុះ។»
នាងគ្មានអារម្មណ៍នឹកគិតចំពោះពាក្យដែលណាវីថាមកមើលនាងនោះទេ។ នាងល្វើយអស់កម្លាំង បិទភ្នែកសម្ងំគេង។
ម៉ោងបីរសៀល សុភាឮសំឡេងម្តាយគោះទ្វារ។ នាងបើកភ្នែកឡើង ឃើញម្តាយ នាំណាវីដើរចូលមក។ សុភាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញណាវី។ ណាវីអង្គុយលើពូកជិតសុភា រួចសួរ៖
«ឯងយ៉ាងម៉េចទៅហើយ? មិនស្រួលខ្លួន ម៉េចមិនប្រាប់គ្នា?»
«គ្នាគិតថាមិនធ្ងន់ធ្ងរ ទើបមិនប្រាប់! អរគុណហើយដែលបានមកលេង។»
សុភានឹកចង់សួរពីមករា តែនាងមិនហ៊ាន។ ណាវីសម្លឹងមើលជុំវិញបន្ទប់ រួចនិយាយ៖
«បន្ទប់ឯងតូចស្អាត គួរឲ្យចង់នៅណាស់។»
«បន្ទប់ខ្ញុំតូចមួយ ម៉េចនឹងអាចប្រៀបនឹងបន្ទប់របស់ឯងបាន។»
«ខ្ញុំមិនគិតអ៊ីចឹងទេ។ ថ្វីដ្បិតវាតូចមែន តែពេលចូលមក ខ្ញុំមានអារម្មណ៍ថាកក់ក្តៅណាស់។ ប៉ាម៉ាក់របស់ឯងរាក់ទាក់ណាស់។ ខ្ញុំមើលទៅពួកគាត់បារម្ភពីឯងមែនទែន ប្រហែលជាពួកគាត់ស្រឡាញ់ឯងណាស់ហើយ។»
សុភានៅស្ងៀមមិនតប។ នាងសម្លឹងមើលមុខណាវី យល់ថាអ្វីដែលនាងនិយាយ សុទ្ធតែជាការពិត មិនមែនបញ្ជោរ ឬនិយាយមានន័យបញ្ច្រាសនោះទេ។ សុភាសួរទៅណាវីវិញ៖
«ចុះប៉ាម៉ាក់ឯង?»
(ណាវីឱនមុខចុះ) «ខ្ញុំមិនដឹងថា ពួកគាត់ស្រឡាញ់ខ្ញុំឬអត់ផង។»
«ហេតុអីបានជាមិនដឹង? ជាឪពុកម្តាយ និងកូន មិនសមថាមិនដឹងនោះទេ។»
«ខ្ញុំពិតជាមិនដឹងមែន (ណាវីស្រដីញញឹមទាំងស្រពោន) ពួកគាត់មិនដែលនៅផ្ទះ មិនដែលមកនិយាយលេងជាមួយខ្ញុំ មិនដែលនាំខ្ញុំដើរលេង មិនដែលមកមើលថែខ្ញុំទេ។ មួយថ្ងៃៗ គាត់គិតតែពីការរកស៊ីតែប៉ុណ្ណោះ គាត់មិនដែលមករវីរវល់នឹងខ្ញុំទេ។ ខ្ញុំមានផ្ទះធំនៅ មានរបស់របរសុទ្ធតែថ្លៃ សុទ្ធតែល្អ ចង់បានអីគឺបាននោះ តែខ្ញុំខ្វះភាពកក់ក្តៅ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ ខ្ញុំនៅតែផ្ទះម្នាក់ឯង អ៊ីចឹងហើយ បានជាខ្ញុំចូលចិត្តបបួលមិត្តភក្តិទៅលេងផ្ទះ ព្រោះខ្ញុំអផ្សុក។»
សុភាស្តាប់មិត្តនិយាយដោយក្តីអាណិត។ តាំងពីដើមមក នាងគិតថាណាវីមានសំណាងណាស់ បានកើតមកជាកូនអ្នកមាន មានផ្ទះធំ មានឡានជិះ នាងគិតថាមិត្តមានសេចក្តីសុខណាស់ តែពេលនេះទើបនាងដឹងថា ណាវីមិនមានអ្វីដូចដែលនាងបានគិតនោះទេ។
ណាវីមើលមកសុភា រួចញញឹមព្រមទាំងនិយាយថា៖
«ឯងមានសំណាងល្អ។ ទោះបីយ៉ាងណា ប៉ាម៉ាក់ឯងនៅក្បែរឯងរហូត ឯងពិតជាមានសំណាងណាស់។ ផ្ទះឯងតូចមែន តែអ្វីដែលផ្ទះឯងមាន ផ្ទះអ្នកផ្សេងដែលធំនោះប្រហែលជាមិនមានទេ។»
សុភាញញឹម។ នេះជាលើកទីមួយហើយដែលមានមិត្តសរសើរនាង សរសើរផ្ទះរបស់នាង សរសើរពីម៉ាក់ប៉ារបស់នាង នាងមិនធ្លាប់ឮពាក្យសរសើរទេក្រៅពីពាក្យចំអកថា ‘កូនអ្នកលក់អេតចាយ’។
ពួកគេឈប់មួយស្របក់ សុភាក៏បន្លឺសំណួរថា៖
«ម៉េចបានជាឯងស្គាល់ផ្ទះខ្ញុំ?»
«មករាជាអ្នកប្រាប់។»
«មករា! ឥឡូវគេយ៉ាងម៉េចហើយ?»
«ដូចមិនឃើញមានអីផង ឃើញតែគេធម្មតាៗ។»
សុភាងក់ក្បាល។ ណាវីក៏សួរនាង៖
«ពួកឯងទាំងពីរយ៉ាងម៉េច? ឈ្លោះគ្នាមែនទេ?»
សុភាគ្រវីក្បាល ជំនួសការនិយាយ។
«ឯងកុំគិតច្រើនពេក (ណាវីយកដៃទះស្មាសុភាតិចៗ) ជឿខ្ញុំទៅ កុំទៅរវល់ច្រើន វាគ្មានបានការទេ។ យកខួរក្បាលទៅគិតរឿងនេះ ឈឺអត់អំពើ…. គួរថែទាំសុខភាព ដើម្បីរៀនឲ្យចប់វិញល្អជាង នៅលើលោកនេះ ‘ប្រុសពេញដី’។»
សុភាស្តាប់ឮសម្ដីមិត្ត យល់ថាត្រឹមត្រូវ។ ហេតុអ្វីនាងត្រូវគិតពីមនុស្សដែលគេមិនដែលគិតពីនាង? នាងគួរតែគិតពីមនុស្សដែលខ្វល់ ដែលបារម្ភពីនាងវិញល្អជាង។
ណាវីនៅអង្គុយលេងជាមួយសុភារហូតដល់ល្ងាច ទើបនាងលាត្រឡប់ទៅផ្ទះវិញ។ ក្រោយមិត្តចេញទៅបាត់ សុភាចាប់ផ្តើមគិតពិចារណាពីសម្ដីរបស់ណាវីជាថ្មី។ នាងយល់ថា នាងគិតខុស និងយល់ខុសតាំងពីដើមមក។ នាងមើលឃើញយ៉ាងច្បាស់ថា នាងខុសធ្ងន់ណាស់ គឺខុសចំពោះអ្នកមានគុណទាំងពីររបស់នាង។
ក្នុងពេលដែលសុភាកំពុងតែលង់ក្នុងការពិចារណានោះ ម្តាយរបស់នាងក៏ចូលមក៖
«យ៉ាងម៉េចហើយ បានស្រួលខ្លួនខ្លះទេកូន? ម៉ោ! ម៉ាក់ជូតខ្លួនឲ្យទៀត។»
មីងសុផាជ្រលក់កន្សែងចូលក្នុងទឹកត្រជាក់ រួចយកមកជូតខ្លួនឲ្យកូនស្រី។ គាត់ជូតសព្វទាំងខ្លួន ទាំងដៃទាំងជើង។ សុភាសម្លឹងមើលមុខម្តាយរហូត។ នាងហាក់ឃើញមានរបស់ម៉្យាងនៅលើមុខម្តាយ ដែលនាងយល់ថា ជារបស់ដ៏មានតម្លៃ ឥតគណនាបាន។ ផ្ទៃមុខម្តាយរបស់នាងបានបង្ហាញនូវព្រហ្មវិហាធម៌ចំពោះកូន ដែលនេះជារបស់មួយមិនអាចកាត់ថ្លៃ និងវាស់ពីជម្រៅមិនបាន។
សុភាញញឹម នាងមានសេចក្តីសុខ និងកក់ក្តៅក្នុងអារម្មណ៍ទៅនឹងបាតដៃរបស់ម្តាយ។ មីងសុផាជូតខ្លួនឲ្យរួចយកដៃមកស្ទាបថ្ងាសសុភា៖
«អន់ក្តៅហើយ។ ម៉ោះញ៉ាំបបរ ម៉ាក់ដួសឲ្យ។»
មីងសុផាដើរចេញទៅដួសបបរមកឲ្យសុភា ចំណែកសុភាញញឹមមិនឈប់តាំងពីម្តាយចេញទៅរហូតត្រឡប់មកវិញ។ នាងសប្បាយចិត្តណាស់ នាងមិនដែល សប្បាយចិត្តដូចជាពេលនេះទេ។
**
**
*
ថ្ងៃនេះសុភាជាសះស្បើយ នាងទៅរៀនដូចដើម។
សុភាលែងខ្លាចគេស្គាល់ផ្ទះនាងទៀតហើយ។ បើមានមិត្តណាចង់ស្គាល់ផ្ទះរបស់នាង ឬសួរពីមុខរបររបស់ឪពុកម្តាយនាង នាងឆ្លើយប្រាប់ទាំងញញឹម នាងមិនខ្លាចគេសើចចំអកទៀតទេ។
ពេលនេះសុភាយល់យ៉ាងច្បាស់ថា ទោះបីឪពុកម្តាយនាងក្រយ៉ាងណា ធ្វើការរកស៊ីរបរតូចទាបប៉ុណ្ណា ប៉ុន្តែគាត់បានចិញ្ចឹមកូន ផ្តល់កំណើត និងផ្តល់អ្វីៗគ្រប់យ៉ាងដល់កូនៗ។
ទោះបីជាប៉ាម៉ាក់របស់នាងមានមុខរបរដែលគួរឲ្យសើចចំអក តែនាងធំធាត់ និងបានមករៀននៅមហាវិទ្យាល័យនេះក៏ដោយសារតែមុខរបរមួយនេះ ដូច្នេះនាងដាច់ខាតមិនត្រូវមើលងាយមុខរបររបស់ឪពុកម្តាយនាងទៀតទេ។
សុភាប្រឹងប្រែងរៀនសូត្រ ដើម្បីឲ្យបានទទួលពិន្ទុល្អ និងជួយនាងឲ្យបានទៅដល់ទីដែលខ្ពង់ខ្ពស់ថ្លៃថ្នូរ ដូចដែលនាងចង់បាន ហើយនាងនឹងមិនឲ្យឪពុកម្តាយនាងទទួលការលំបាកបែបនេះទៀតឡើយ។ នាងនឹងធ្វើឲ្យពួកគាត់រស់នៅដោយសុខសុភមង្គល ប្រកបដោយកិត្តិយសឧត្តុង្គឧត្តមបំផុត។
**
**
*
ឆ្នាំនេះ សុភារៀនចប់បរិញ្ញាបត្រច្បាប់ នាងបានប្រលងចូលរៀនបន្តនៅសាលាភូមិន្ទរដ្ឋបាល ព្រោះនាងចង់ក្លាយទៅជាអ្នកការទូត។
ថ្ងៃទទួលសញ្ញាបត្រ សុភាបានឡើងទទួលសញ្ញាបត្រប្រកបដោយកិត្តិយសបំផុត។ នាងប្រលងជាប់លេខមួយ ឪពុកម្តាយ និងមិត្តភក្តិគ្រប់គ្នាទះដៃអបអរសាទរនាង។ ពូសាន និងមីងសុផាត្រេកអរនឹងកូនរហូតដល់ស្រក់ទឹកភ្នែក ពួកគាត់មានចិត្តរំភើប និងមានមោទនភាពណាស់។ សុភាថតរូបជាមួយឪពុកម្តាយ និងមិត្តរួមថ្នាក់។ ថ្ងៃនេះជាថ្ងៃអស្ចារ្យបំផុតក្នុងជីវិតរបស់នាង។ សុភាបានណែនាំមិត្តភក្តិទាំងអស់ឲ្យស្គាល់ប៉ាម៉ាក់របស់នាង។ ពេលនាងកំពុងតែឈរជាមួយមិត្តភក្តិ សំឡេងមួយបានបន្លឺឡើងក្បែរនាង៖
«ភា!»
សុភាងាកមករកម្ចាស់សំឡេង។ គេគឺមករា។ មករាញញឹមរកសុភា ឯសុភាក៏ញញឹមតបវិញ។
«សូមជួយត្រេកអរ ភាពូកែណាស់។»
«អរគុណ!»
«ពេលចប់ពិធី ទៅញ៉ាំអីជាមួយគ្នាបានទេ?»
«សុំទោស! ខ្ញុំត្រូវទៅជាមួយប៉ាម៉ាក់។»
«មិនអីទេ (មករាស្រងាកចិត្តតែប្រឹងញញឹម) ចាំថ្ងៃក្រោយក៏បាន។»
សុភាមិនតប នាងញញឹមរួច ហើយដើរចេញពីមករាទៅរកឪពុកម្តាយរបស់នាង។
ពិធីទទួលសញ្ញាបត្រនេះបានបញ្ចប់ ពូសាន និងមីងសុផានាំកូនទៅលេងផ្ទះបងប្អូន។ ពួកគេជុំគ្នាទទួលទានអាហារយ៉ាងសប្បាយរីករាយ។ ពូសាន និងមីងសុផាបានទិញរបស់ជាច្រើនជូនជារង្វាន់ដល់កូនស្រីគាត់។ សុភារីករាយស្ទើររកអ្វីប្រៀបផ្ទឹមមិនបាន។
មកដល់ផ្ទះជាមួយនឹងភាពរីករាយ សុភាដើរទៅកាន់បន្ទប់នាង រួចទាញយកសៀវភៅកំណត់ហេតុចេញមក ហើយកត់ជាមួយពាក្យមួយឃ្លាថា ‘អ្វីដែលខ្ញុំមានមោទនភាពជាងគេ នោះគឺបានកើតមកជាកូនអ្នកលក់អេតចាយ’៕