ពាក្យខ្មែរជាច្រើន ដែលសរសេរមាន ព្យញ្ជនៈ «ល» «ឡ»។ ភាគច្រើនសរសេរច្រឡំ កុំថាគេកុំថាខ្ញុំ ច្រឡំដូចតែគ្នា។
ជាទូទៅដើមី្បដឹងថា ពាក្យនោះគួរសរសេរនឹង «ល» ឬ «ឡ» គឺត្រូវយកវចនានុក្រមខ្មែរជាសម្អាង។
ពាក្យខ្លះសរសេរបានទាំង «ល» និង «ឡ»។
ចំពោះពាក្យដែលសរសេរបានទាំងព្យញ្ជនៈ «ល» «ឡ» អ្នកប្រើមានមតិខុសៗគ្នា។
ឧទាហរណ៍ ខ្ញុំចូលចិត្តសរសេរ «ស្រឡាញ់»។
ហេតុផលទីមួយ ពេលបើកវចនានុក្រម នៅខាងចុងនៃពាក្យ «ស្រឡាញ់» មានបើកវង់ក្រចក និងសរសេរថា «ម.ព. ស្រលាញ់» ដែលមានន័យថា «មើលពាក្យ ស្រលាញ់»។ បើឃើញបែបនេះមានន័យថា «ស្រលាញ់» ដែលសរសេរនឹង «ល» ជាមេពាក្យ។

ភាគច្រើន ពេលជួបករណីដូច្នេះ ខ្ញុំឮគេថា គួរតែសរសេរតាមមេពាក្យ មានន័យថា ត្រូវសរសេរ «ស្រលាញ់»។ ប៉ុន្តែពេលខ្ញុំបើកមើលពាក្យ «ស្រលាញ់» ខ្ញុំមិនឃើញមានការបញ្ជាក់ថា សរសេរព្យញ្ជនៈ «ឡ» ខុសនោះទេ។ ដូច្នេះមានន័យថា «ស្រលាញ់» សរសេរនឹង «ល» ក៏បាន «ឡ» ក៏បាន។

ហេតុផលទីពីរ ពាក្យខ្មែរដែលប្រើព្យញ្ជនៈ «ឡ» ដូចជាមានតិចតួច។ ដូច្នេះខ្ញុំចង់សរសេរឲ្យមានព្យញ្ជនៈ «ឡ» ឲ្យបានច្រើន ព្រោះខ្ញុំខ្លាចដូច ព្យញ្ជនៈ «ឋ» ដែលមិនសូវមានការសរសេរ ចុងក្រោយទៅជាបាត់ព្យញ្ជនៈជាតិ ហើយចេញពាក្យហៅព្យញ្ជនៈថា «ឋ សៀម» ដែលការពិតគេហៅថា «ឋ ភ្លុក»។
ដោយសារហេតុផលទាំងពីរនេះ ខ្ញុំសម្រេចសរសេរពាក្យ «ស្រឡាញ់» ប្រើព្យញ្ជនៈ «ឡ»។
ទង្វើខ្ញុំត្រូវបានគេរិះគន់ច្រើន ប៉ុន្តែដូចខ្ញុំបានរៀបរាប់ពីខាងលើ ខ្ញុំមានហេតុផល គ្រប់គ្រាន់ ទើបខ្ញុំហ៊ានសរសេរ។ ម៉្យាងទៀត ក្នុងវចនានុក្រមខ្មែរឥតមាននិយាយថា «ស្រឡាញ់» សរសេរនឹង «ឡ» ខុសទេ។ បើសិនជាមានបញ្ជាក់ថា សរសេរនឹង «ឡ» អត់បាន ត្រូវតែសរសេរនឹង «ល» ហ្នឹងខ្ញុំមិនហ៊ានរឹងទទឹងឡើយ។
ខ្ញុំមិនបានប្រឆាំងនឹងអក្សរសាស្ត្រ ឬអ្នកអក្សរសាស្រ្តអ្វីទេ ខ្ញុំគ្រាន់តែចង់ពន្យល់ពី មូលហេតុដែលខ្ញុំសរសេរនឹង «ឡ»។ មិនមែនតែពាក្យ «ស្រឡាញ់» ទេ នៅមានពាក្យផ្សេងទៀត។ សូមី្បពាក្យ «ស្ថានីយ» ខ្ញុំចូលចិត្តសរសេរ «ឋានីយ»។
អត្ថបទដែលខ្ញុំសរសេរនេះគឺខ្ញុំចង់វែកញែក និងបង្ហាញពីហេតុផលផ្ទាល់ខ្លួន ទាក់ទងនឹងការសរសេរព្យញ្ជនៈ។ ខ្ញុំសង្ឃឹមថា អ្នកអាននឹងមិនយកអត្ថបទខ្ញុំទៅប្រើប្រាស់ដើមី្បរិះគន់ឬតិះដៀលដល់បុគ្គលណាម្នាក់, ជាតិសាសន៍ណាមួយ ឬដើមី្បបម្រើផលប្រយោជន៍នយោបាយឡើយ៕
**
**
*
Summary
This article I talked about Cambodian literacy – words written with ល and ឡ .