រឿងនេះលេចឡើងដោយចៃដន្យ ដោយសារតែមើលវីដេអូចម្រៀងចិន និងជប៉ុន ហើយក៏ពេញចិត្តតួស្រីៗក្នុងវីដេអូទាំងនោះ។
រឿងមួយនេះជារឿងបែបបុរាណចិន ដោយសរសេរតាមអារម្មណ៍ស្រមើស្រមៃសុទ្ធតែម្តង។ សាច់រឿងដំបូងត្រូវបានសរសេរជាភាសាអង់គ្លេស។ ចំពោះការបកប្រែជាភាសាខ្មែរឬអត់ ខ្ញុំមិនទាន់ដឹងទេ។
បន្តទៅនេះ ជាគ្រោងឆ្អឹងរឿង៖
អ៊ូ ឡានធាន ជាកូនស្រីទីបីរបស់ចៅហ្វាយក្រុង។ រីឯ យ៉ាង ខៃហុង ជាកូនស្រីទីពីររបស់សេដ្ឋីយ៉ាង។
អ៊ូ ឡានធានចូលចិត្តស្លៀកសម្លៀកបំពាក់ដូចប្រុស។ នរណាៗក៏ដឹង។ អក្សរ, គំនូរ, ពិណ, អុក នាងចេះទាំងអស់ ថែមទាំងចេះរាំរបាំទៀតផង។
ដំបូងឡើយ នាងជាក្មេងស្រីធម្មតាម្នាក់ ប៉ុន្តែនៅពេលនាងអាយុ ១៥ ឆ្នាំ មានរឿងមួយកើតឡើង ធ្វើឲ្យនាងខឹងនឹងឪពុកនាងយ៉ាងខ្លាំង ទើបនាងឈប់រាំ និងឈប់ធ្វើកិច្ចការដែលជារបស់មនុស្សស្រី ទៅស្លៀកពាក់ដូចបុរស, ហាត់វិជ្ជាគុណ, ដើរលេង, ផឹកស្រា, លេងល្បែង និងចូលបនស្រី។ នាងថែមទាំងប្រកាសទៀតផងថា នាងនឹងមិនស្រឡាញ់មនុស្សប្រុសទេ។ នាងបានរស់នៅបែបនេះអស់ ៥ ឆ្នាំ។
អ្នកក្នុងក្រុងស្គាល់នាងគ្រប់គ្នា ប៉ុន្តែពួកគេមិនហ៊ាននិយាយដើមនាងទេ ព្រោះឪពុកនាងជាចៅហ្វាយក្រុង។ ចំណែកឪពុកឡានធានវិញ បានត្រឹមតែខឹងក្នុងចិត្ត តែមិនអាចហាមឃាត់កូនបាន, ណាមួយដោយសារតែគាត់បានធ្វើខុសចំពោះនាង កាលពីនាងអាយុ ១៥ ឆ្នាំ ទើបគាត់បណ្តោយតាមចិត្តកូនទៅ។
នៅថ្ងៃមួយ សេដ្ឋីយ៉ាងដែលជាឪពុករបស់ខៃហុង បានរៀបចំពិធីជប់លៀងនៅផ្ទះ ព្រមទាំងបានអញ្ជើញក្រុមគ្រួសារឡានធាន, សេដ្ឋី និងអ្នកមានមុខមាត់ទាំងឡាយនៅក្នុងក្រុងទៅចូលរួម។ គោលបំណងនៃពិធីនេះ ទីមួយគឺចង់ពង្រឹងទំនាក់ទំនងជាមួយឪពុកឡានធាន ព្រោះគាត់ជាអ្នករកស៊ី, គាត់ត្រូវពឹងផ្អែកលើមន្ត្រីរាជការ និងទីពីរគឺចង់រកប្តីឲ្យកូនស្រីរបស់ខ្លួន។
នៅក្នុងពិធីជប់លៀង កូនស្រីទាំងបួនបានចេញមកបង្ហាញទេពកោសលរាំជូនភ្ញៀវទស្សនា លើកលែងតែខៃហុង។ ទោះបីនាងជាកូនស្រីរបស់សេដ្ឋីយ៉ាងមែន តែសេដ្ឋីយ៉ាងមិនសូវអើពើនឹងនាងទេ។
ក្រោយពេលកើតកូនហើយ ម្តាយខៃហុងក៏ស្លាប់ទៅ។ ខៃហុងត្រូវបានមេដោះចិញ្ចឹម។ ពេលនាងពេញវ័យ មេដោះក៏សុំត្រឡប់ទៅស្រុកកំណើត។ ខៃហុងត្រូវបានទុកចោលនៅផ្ទះតូច នៅជ្រុងម្ខាងនៃបរិវេណផ្ទះ។ នាងមិនដែលបានចូលរួមក្នុងកម្មវិធីធំៗរបស់ផ្ទះទេ។ ជានិច្ចជាកាល នាងតែងត្រូវគេមើលរំលង។ ប្អូនស្រីឪពុកតែមួយម្តាយទីទៃរបស់នាងមិនសូវប៉ុន្មានទេ, ពួកគេគោរពនាង គ្រាន់តែមិនសូវអើពើនឹងនាង ប៉ុន្តែអ៊ីហួង ដែលជាកូនស្រីច្បង និងជាបងស្រី ស្អប់ និងតាមរករឿងខៃហុងមិនលែង។
ម្តាយរបស់អ៊ីហួងជាប្រពន្ធទីមួយរបស់សេដ្ឋីយ៉ាង។ គាត់ស្អប់ម្តាយខៃហុង និងខៃហុងណាស់ ព្រោះគាត់យល់ថា ម្តាយខៃហុងមានឋានៈតូចទាប។ ម្តាយអ៊ីហួងតែងខ្លាចខៃហុងល្អលើសកូនស្រីរបស់គាត់ ដូច្នេះគាត់មិនឲ្យខៃហុងចេញមុខក្នុងកម្មវិធីគ្រួសារទេ។ គាត់បានប្រឹងប្រែងចង់ចាប់បងប្រុសទីពីររបស់ឡានធាន ដែលនឹងក្លាយជាអ្នកស្នងមរតកគ្រួសារត្រកូលអ៊ូឲ្យកូនស្រីគាត់ តែបងប្រុសរបស់ឡានធានបែរជាចាប់អារម្មណ៍នឹងប្អូនស្រីទីបីរបស់ខៃហុងទៅវិញ។
អំឡុងក្នុងពិធីជប់លៀង ឡានធានបានគេចចេញពីកម្មវិធីជាមួយនឹងអ្នកបម្រើរបស់នាងទៅដើរលុកលុយផ្ទះរបស់សេដ្ឋីយ៉ាង រួចក៏រើសបានបន្តោងចាបពពេចមួយ។ ចាបពពេចនោះធ្វើពីគជ់ពណ៌ស។ ពេលនោះក៏លេចខៃហុងចេញមកដោយប្រាប់ថាបន្តោងចាបពពេចនេះជារបស់នាង។
ឡានធានបានលេងសើចនឹងខៃហុង និងមិនព្រមប្រគល់បន្តោងឲ្យទៅខៃហុង ធ្វើឲ្យខៃហុងខឹងយ៉ាងខ្លាំង។ ប៉ុន្តែឡានធានចូលចិត្តខៃហុង។ នាងលលេងអស់ពេលយ៉ាងយូរទម្រាំតែព្រមឲ្យបន្តោងទៅវិញ។
ក្រោយមក ឡានធានបានដឹងពីប្រវត្តិរបស់ខៃហុង។ នាងអាណិតខៃហុង។
នៅថ្ងៃមួយ សេដ្ឋីយ៉ាងបានអញ្ជើញបងប្រុសទីពីររបស់ឡានធានឲ្យមកបរិភោគបាយផ្ទះ។ ឡានធានមកតាម ដោយយកលេសថាមកការពារបងប្រុស ព្រោះបងប្រុសសុភាពបុរសពេក ហើយក៏ឆ្លៀតឱកាសមករកខៃហុងដែរ។
ខៃហុងមិនសូវចូលចិត្តឡានធានទេ ព្រោះឡានធានចេះតែមករករឿងនាង។ នាងមិនចង់ជួបមិនចង់និយាយជាមួយឡានធាន តែឡានធានតាមញ៉ោះ ទាល់តែនាងទ្រាំមិនបាន ក៏តមាត់ជាមួយ។
និយាយពីឡានធានវិញ បានស្រីស្អាតជេរ ដឹងតែញញឹម និងដេកលក់ស្រួល។ នាងបានឲ្យបងប្រុសនាំកូនស្រីសេដ្ឋីយ៉ាងចេញទៅដើរលេងខាងក្រៅ ហើយនាងក៏ឆ្លៀតអូសខៃហុងឲ្យទៅជាមួយដែរ។
ក្នុងចំណោមដៃគូរកស៊ីជាមួយសេដ្ឋីយ៉ាង មានសេដ្ឋីម្នាក់ត្រកូលឈិន មានកូនប្រុសពីរនាក់។ កូនប្រុសច្បងខូចខិល និងជាកំពូលព្រាននារី។ គេចង់បំពានលើខៃហុង តែត្រូវឡានធានវាយឡើងចាស់ដៃ។
ព្រោះតែឡានធានការពារ និងតែងតែជួយនាងគ្រប់ពេល យូរទៅខៃហុងក៏ផ្តើមចូលចិត្តឡានធាន។ តាមពិត នាងមិនដែលស្អប់ឡានធានទេ គ្រាន់តែនាងមិនសូវចូលចិត្ត ព្រោះឡានធានខិលមាត់ និងរប៉ិលរប៉ូច ជាពិសេសគឺចូលចិត្តធ្វើឲ្យនាងខឹង។
ថ្ងៃមួយ ឡានធានទៅផ្សារឃើញគេលក់កូនចាបពពេចមួយ។ កូនចាបពពេចនោះ ពណ៌ស និងមើលទៅដូចរូបចាបពពេចនៅនឹងបន្តោងរបស់ខៃហុង។ ឡានធានបានទិញកូនចាបពពេចនោះ ហើយដាក់ឈ្មោះថា ប៉ាយ ខៃហុង មានន័យថា ឥន្ធនូពណ៌ស។ នាងបានយកប៉ាយខៃហុងទៅឲ្យខៃហុង ជាអំណោយថ្ងៃកំណើត។ ខៃហុងទទួលវាយកមកចិញ្ចឹមមើលថែដោយយកចិត្តទុកដាក់។
ពេលអ៊ីហួងឃើញភាពស្និទ្ធស្នាលរបស់ឡានធាន និងខៃហុង នាងខឹងយ៉ាងខ្លាំង ព្រោះយល់ថាខៃហុងកំពុងតែព្យាយាមយកចិត្តឡានធាន ដើមី្បបានធ្វើជាបងថ្លៃរបស់ឡានធាន។ នាងបានប្រាប់ម្តាយ ហើយទាំងពីរនាក់ម្តាយ និងកូនក៏រកវិធីបំបែកខៃហុងពីគ្រួសារអ៊ូ។ អ៊ីហួងដឹងថា កូនប្រុសសេដ្ឋីឈិនចង់បានខៃហុង ដូច្នេះនាង និងម្តាយក៏រៀបចំផែនការឲ្យខៃហុងរៀបការជាមួយកូនប្រុសត្រកូនឈិន។
ខៃហុងមិនព្រមឡើយ តែត្រូវឪពុកបង្ខំ និងបង្ខាំង។ នៅថ្ងៃខៃហុងរៀបការ ឡានធានឈឺចិត្តណាស់, បានទៅផឹកស្រា រួចស្រវឹងទៅផ្ទះដេក។ ព្រឹកឡើង អ្នកបម្រើនាងបានរត់មកប្រាប់ថា ខៃហុងបាត់ខ្លួនពីផ្ទះ ចំណែកកូនប្រុសសេដ្ឋីឈិនត្រូវបានគេប្រទះស្លាប់នៅក្នុងបន្ទប់។
ឡានធានបានតាមរកខៃហុង។ នាងរកខៃហុងឃើញ និងនាំនាងទៅផ្ទះ។ តាមផ្លូវក៏មានសន្តិសុខមកចាប់ខៃហុងតាមពាក្យបណ្តឹងរបស់សេដ្ឋីឈិន ដោយចោទថា ខៃហុងសម្លាប់កូនប្រុសខ្លួននៅយប់រៀបការ។ ពេលនោះ ឡានធានបានយកខ្លួនធ្វើជាសាក្សី ដោយនិយាយកុហកថា គឺនាងជាអ្នកទៅលួចពង្រត់ខៃហុង មុនពេលដែលកូនកំលោះចូលបន្ទប់ ដូច្នេះខៃហុងមិនមែនជាឃាតកទេ។ ដោយសារតែនាងជាកូនស្រីចៅហ្វាយក្រុង ដូច្នេះអ្នកកាត់ក្តីមិនហ៊ានជាមួយនាង ហើយក៏ដោះលែងខៃហុង។
បន្ទាប់មក ឡានធានបាននាំខៃហុងចេញទៅនៅផ្ទះរបស់បងប្រុសទីមួយ។
បងប្រុសទីមួយរបស់ឡានធាន ជាកូនប្រុសច្បងរបស់ឪពុក និងប្រពន្ធទីពីរ។ គេត្រូវបានបណ្តេញឲ្យចេញទៅនៅជាយក្រុង ដោយសារតែគេស្រឡាញ់គ្នាជាមួយនឹងកូនប្រុសអ្នកបម្រើ។ ម្តាយបានសុខចិត្តចុះចេញទៅជាមួយកូនដើមី្បមើលថែកូន ព្រោះកូនប្រុសមានសុខភាពមិនសូវមាំ។
ឡានធាន និងបងប្រុសធំស្និទ្ធស្នាលនឹងគ្នាណាស់។ ពេលនាងមិនសប្បាយចិត្ត នាងតែងតែទៅលេងផ្ទះរបស់បងប្រុស។ អំឡុងស្នាក់នៅទីនោះ ខៃហុងបានដឹងរឿង និងមូលហេតុដែលធ្វើឲ្យឡានធានក្លាយទៅជាមនុស្សដូចសព្វថ្ងៃ។ ហើយពួកនាងទាំងពីរផ្តើមយល់ចិត្តគ្នា និងកាន់តែស្និទ្ធស្នាលខ្លាំងឡើងៗ។
ទោះយ៉ាងណា គ្រួសារត្រកូលឈិននៅតែតាមរករឿងខៃហុង។ ផ្សំនឹងពាក្យចាក់ជុចរបស់អ៊ីហួង ធ្វើឲ្យសេដ្ឋីឈិនជឿស៊ប់ថា ខៃហុងសម្លាប់កូនប្រុសខ្លួន។ សេដ្ឋីឈិនបានបញ្ជាឲ្យមនុស្សមកចាប់ខៃហុងយកទៅដាក់ទោស តែបរាជ័យគ្រប់ពេល ដោយសារតែឡានធាន និងបងប្រុសរបស់នាងជួយការពារ។ សេដ្ឋីឈិនខឹងណាស់។ គាត់មិនហ៊ានប៉ះពាល់កូនចៅហ្វាយក្រុង តែគាត់តែងតែឲ្យមនុស្សមកបង្កការរំខាន។
ដោយសារតែខ្លាចប៉ះពាល់ដល់ភាពស្ងប់សុខរបស់ម្តាយទីពីរ និងបងប្រុស ឡានធានក៏សម្រេចចិត្តនាំខៃហុងចាកចេញទៅឆ្ងាយមួយរយៈ។ ពួកនាងទាំងពីរបានទៅភូមិមេដោះរបស់ខៃហុង។ ភូមិនោះឈ្មោះថា ភូមិមេម៉ាយ។ អ្នកភូមិទាំងអស់សុទ្ធតែស្រ្តី និងកូនក្មេង ហើយស្ត្រីក្នុងភូមិភាគច្រើនជាមេម៉ាយ។ នៅទីនោះ ពួកនាងរស់នៅយ៉ាងសប្បាយចិត្ត។
ក្រោយមក ឡានធានទទួលសំបុត្រថាឪពុក និងម្តាយនាងឈ្លោះគ្នា ហើយម្តាយនាងបានទៅនៅផ្ទះបងប្រុសច្បងរបស់នាង។ ដោយហេតុតែព្រួយបារម្ភពីម្តាយ ឡានធាន និងខៃហុងក៏ត្រឡប់មកវិញ។ តាមផ្លូវ ពូកនាងត្រូវសន្តិសុខចាប់យកទៅដាក់ឃុំឃាំង។ ពួកគេរកបានសាក្សីបញ្ជាក់ថា ឡានធាននិយាយកុហកដើមី្បជួយខៃហុង។ ឡានធានត្រូវជាប់ចោទពីបទផ្សំគំនិត មានទោសស្មើនឹងអ្នកប្រព្រឹត្ត។ ទោះបីឪពុកនាងចង់ជួយ ក៏ជួយមិនបានដែរ ហើយអ្នកដែលឲ្យចាប់ខ្លួនពួកនាងទាំងពីរគឺសេដ្ឋីឈិន, គាត់ធ្វើដើមី្បសងសឹកឲ្យកូនប្រុសខ្លួន។
ប៉ុន្តែតាំងពីដើមមក ខៃហុងជាប់សង្ស័យជាឃាតក។ មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថានាងជាឃាតកនោះទេ។
តើអ្នកណាសម្លាប់កូនប្រុសសេដ្ឋីឈិន?
មានតែខៃហុងម្នាក់ប៉ុណ្ណោះដែលដឹងមុខឃាតក ហើយនាងដឹងទៀតថា ហេតុអី្វបានជាគេសម្លាប់កូនប្រុសសេដ្ឋីឈិន។ ប៉ុន្តែនាងមិនព្រមនិយាយសោះ៕