រហូតមកទល់ពេលនេះ បញ្ហាសរសេរ «ម៉ង» និង «ហ្មង» នៅតែជាចំណោទចំពោះខ្ញុំ។
តួយ៉ាង ៖
«គួរចាំទៀតទេ?»
«មិនបាច់ចាំទេ! ពួកយើងទៅម៉ងទៅ។»
នៅក្នុងឃ្លា-ប្រយោគនេះ បើខ្ញុំសរសេរជាអក្សរ ខ្ញុំនឹងសរសេរ «ម៉ង»។ ភាគច្រើន គេសរសេរ «ហ្មង»។ ខ្ញុំអត់ថាគេខុសទេ តែគេចូលចិត្តថាខ្ញុំខុស។
ធម្មតាមនុស្សយើងពេលគេថាខុស តែងតែសួរពីមូលហេតុ «ហេតុអីថាខ្ញុំសរសេរខុស? មានអំណះអំណាងអ្វី?»
ពួកគេមិនឆ្លើយសំនួររបស់ខ្ញុំ ហើយពេបមាត់ឲ្យខ្ញុំវិញ។ ឬក៏គេឆ្លើយដែរ តែចម្លើយរបស់គេ ខ្ញុំស្តាប់ទៅ យល់ថាមិនសូវត្រូវ។
បើកាលខ្ញុំនៅជាកូនក្មេង ទើបចូលរៀនថ្នាក់ទី ១ នោះគ្រូបង្រៀនអ្វីឬនរណាប្រាប់អ្វី ខ្ញុំនឹងជឿ ហើយខ្ញុំនឹងធ្វើតាម។ ប៉ុន្តែខ្ញុំរៀនចប់បរិញ្ញាហើយ ខ្ញុំត្រូវការគិត, ត្រូវការពិចារណា, ត្រូវការស្រាវជ្រាវ, និងត្រូវការហេតុផល និងអំណះអំណាងដែលច្បាស់លាស់, ជាក់ច្បាស់, មិនមែនគ្រាន់តែនិយាយឲ្យខ្ញុំស្តាប់ ខ្ញុំក៏ត្រូវជឿ និងធ្វើតាមទេ ជាពិសេសរឿងដែលទាក់ទងនឹងអក្សរសាស្ត្រ, ប្រវត្តិសាស្ត្រជាដើម។
ខ្ញុំបានសម្រេចចិត្តសរសេរពាក្យ «ម៉ង» មិនមែន «ហ្មង» ដោយពឹងផ្អែកលើការស្រាវជ្រាវរបស់ខ្ញុំ៖
១. ពាក្យដែលប្រជាជនចូលចិត្តនិយាយ «ធ្វើម៉ងទៅ» «ទៅម៉ងទៅ» «ដេកម៉ងទៅ» «ចំម៉ង» ជាគ្រាមភាសា។ បើនិយាយភាសាឲ្យចំ គឺ «ធ្វើតែម្តងទៅ» «ទៅតែម្តងទៅ» «ដេកតែម្តងទៅ» «ចំតែម្តង»។ នៅក្នុងវចនានុក្រមខ្មែរ មានពន្យល់ពាក្យ «ម្តង» និងការប្រើប្រាស់ ទោះបីមិនបានច្រើន តែអាចយកមកជាអំណះអំណាងដល់ការស្រាវជ្រាវរបស់ខ្ញុំ (សូមមើលរូបភាពទី ១)។

រូបភាពទី ១
២. ពាក្យ «ហ្មង» មាននៅក្នុងវចនានុក្រមខ្មែរ ដោយមានន័យផ្សេងពីពាក្យ «ម្តង» ឬ «តែម្តង» (សូមមើលរូបភាពទី ២)។

រូបភាពទី ២
ពាក្យ «ហ្មង» នេះ សំដៅដល់ន័យថា មិនស្អាត មិនត្រូវ (ខុសឆ្គង) ជាដើម។ បើសិនជាសរសេរ «ទៅហ្មងទៅ» អ៊ីចឹង វាគួរមានន័យថា ទៅមិនស្អាតទៅ ឬ ទៅឆ្គងទៅ។
ដោយសារតែន័យរបស់ពាក្យ «ហ្មង» ដូចជាចាកឆ្ងាយ ទើបខ្ញុំពិបាកទទួលយក។ ពេលគេប្រាប់ឲ្យសរសេរ ខ្ញុំអត់ព្រមសរសេរតាម, លើកលែងតែខ្ញុំចង់សរសេរពាក្យ «ហ្មត់ហ្មង», «ហ្មងសៅ» ហ្នឹងខ្ញុំសរសេរ «ហ្មង»។
៣. ដើមី្បឲ្យខ្លួនខ្ញុំច្បាស់ជាងនេះ ខ្ញុំពឹងលើការស្រាវជ្រាវ និងវែកញែកមួយទៀត គឺពាក្យ «ម្តេច» (សូមមើលរូបភាពទី ៣ និងទី ៤)។

រូបភាពទី ៣

រូបភាពទី ៤
«ម្តេច» សរសេរតាមភាសានិយាយ ទៅជា «ម៉េច» មាន ព្យញ្ជនៈ ម ស្រៈ (អេ) និង ព្យញ្ជនៈ ច។ ជើង ដ ត្រូវបានប្តូរទៅជា សញ្ញា (៉)។
ដោយហេតុតែខ្ញុំឃើញបែបនេះ ទើបខ្ញុំទាញយកមកធ្វើជាគំរូក្នុងការសរសេរចេញពាក្យ «ម៉ង» ដែលមកពីពាក្យ «(តែ) ម្តង» នេះ។
ចុះហេតុអីទៅជាសរសេរ «ហ្មង» (ព្យញ្ជនៈ ហ ជើង ម និងព្យញ្ជនៈ ង) ទៅវិញ?
មិនអស់ចិត្ត ខ្ញុំរាវបន្តទៀត។ ពាក្យថា «ម្តា» (សូមមើលរូបទី ៥)។

រូបភាពទី ៥
ពាក្យថា «ម្តា» ច្រើនតែប្រើជាមួយ «ម្តេច» ទៅជា «ម្តេចម្តា»។ នៅក្នុងវចនានុក្រម ពាក្យ «ម្តា» នេះ អត់មានសរសេរជាភាសានិយាយ ដូចពាក្យ «(តែ) ម្តង» ដែរ។ ប៉ុន្តែពេលគេសរសេរពាក្យ ម្តា (ភាសានិយាយ) ជាអក្សរ គេសរសេរ «ម៉ា»។ ឧទាហរណ៍ «ម៉េចម៉ាក៏ទ្រាំសិនទៅ!»។
ឆ្ងល់ដែរ! ហេតុអី គេមិនព្រមសរសេរជា «ហ្មា» ទៅ?
ខ្ញុំអង្គុយគិតយ៉ាងអស់ចិត្តអស់ចង់។ មើលហើយមើលទៅ អានហើយអានទៀត ទម្រាំតែខ្ញុំដាច់ចិត្តសរសេរពាក្យ «ម៉ង» ចេញជាសាធារណៈ ជាពិសេសក្នុងសៀវភៅរឿង និងសំណេរផ្សេងៗរបស់ខ្ញុំ។ ចំណែក «ហ្មង» ខ្ញុំសរសេរតែចំពោះពាក្យ «ហ្មងសៅ», «ហ្មត់ហ្មង», «មួហ្មង» និយាយឲ្យចំ គឺពាក្យដែលមានន័យថា មិនស្អាត, មិនបរិសុទ្ធ, ឆ្គាំឆ្គង, ប៉ុណ្ណោះ។
ខ្ញុំអត់ថាអ្នកដែលសរសេរពាក្យ (ទៅតែម្តង) «ទៅតែហ្មង» ខុស ហើយខ្ញុំសរសេរ «ទៅតែម៉ង» ត្រូវទេ។ មកដល់ពេលនេះ ពួកយើងមិនទាន់មានអំណះអំណាងរឹងមាំណាមួយឡើយ។ យើងមានតែសៀវភៅវចនានុក្រម ដែលផលិតតាំងពីជិតមួយរយឆ្នាំមុន និងតែមួយហ្នឹងគត់។ ហេតុនេះ មិនថាសរសេរ «ហ្មង» ឬ «ម៉ង» គឺមិនទាន់មានអ្វីមកបញ្ជាក់ថា មួយណាខុសមួយណាត្រូវឡើយ សំខាន់អ្នកសរសេរគួរតែមានអំណះអំណាងដើមី្បការពារសំណេររបស់ខ្លួន។
ខ្ញុំសរសេរអត្ថបទមួយនេះ គឺដើមី្បឆ្លើយតបដល់អ្នកដែលចូលចិត្តមកថាឲ្យខ្ញុំ, មកបន្ទោសខ្ញុំ, មកស្តីឲ្យខ្ញុំ, មកមាក់ងាយខ្ញុំថា ខ្ញុំបំផ្លាញអក្សរសាស្ត្រខ្មែរ ឬថាខ្ញុំបង្រៀនកូនខ្មែរខុស។ មុននឹងថាឲ្យខ្ញុំ សូមលោកអ្នកផ្តល់នូវអំណះអំណាង និងហេតុផលឲ្យបានសមរម្យ សមស្រប និងគួរជាទីទុកចិត្តសិន មិនមែនពឹងលើពាក្យសម្តី, សញ្ញាបត្រ, ឋានៈ និងមុខមាត់ក្នុងសង្គម ហើយមកមាក់ងាយខ្ញុំ និងបង្គាប់ឲ្យខ្ញុំធ្វើតាមទាំងទទឹងទិសនោះឡើយ៕
**
**
*
Recap of the article
This article is about the conflict of Khmer words «ម៉ង» and «ហ្មង», which one should we write?
It’s difficult to translate and explain English since it is Khmer literacy.
ខ្ញុំសប្បាយចិត្តណាស់ដែលមានអ្នកគិតបែបនេះដែរ។ កាលពីមុនឱ្យតែសរសេរ ពេលដែលមិនអាចរកពាក្យក្លាយក្នុងវចនានុក្រម ខ្ញុំតែងតែគិតដូចបងគឺសរសេរដោយយោងតាមលំនាំនៃពាក្យក្លាយផ្សេងៗដែលមានក្នុងវចនានុក្រម។ តែឱ្យតែមានអ្នកផ្សេងឃើញ គេតែងតែទទួលការរិះគន់ រហូតដល់ថ្នាក់ខ្ញុំត្រូវកែទំលាប់សរសេរតាមពួកគេ។ ខូចទំលាប់អស់ មិនគួរណាចុះចាញ់សម្តីរិះគន់របស់គេទាំងដឹងថាខ្លួនមានហេតុផលត្រឹមត្រូវ។ មើលទៅត្រូវរៀនឡើងវិញហើយ។ អរគុណដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ជឿជាក់ជាងមុន ដោយសារតែមានអ្នកម្នាក់ទៀតដែលចេះស្រលាញ់ភាសាខ្មែរ និងខិតខំអភិរក្ស និងអភិវឌ្ឍន៍ភាសាខ្មែរ។ ពេញចិត្តខ្លាំង ^^
LikeLiked by 1 person
🙂 🙂 🙂
LikeLike
Very good dor sharing👍👍👍
LikeLike
បងពាក្យ សំរាម និង សម្រាម មួយណាត្រូវ បេីខ្ញុំមេីលក្នុងវចនានុក្រម សម្តេចជួន ណាត សរសេរ “សំរាម” ត្រឹមត្រូវ
LikeLike
អក្សរខ្មែរ ត្រូវយកវចនានុក្រមខ្មែរ ជាគោល ដូច្នេះគួរតែសរសេរ «សំរាម» ទើបត្រឹមត្រូវ។
LikeLike
សៅម៉ង = សៅហ្មង
អីចឹង ម៉ង = ហ្មង (ន័យតែមួយ)
អាចថា ខុសទាំងពីរ គួរតែប្រើ តែម្ដង ពេលនៅសរសេរជាផ្លូវការ ដើម្បីឱ្យត្រូវនឹងន័យប្រយោគដើម
ដូចករណីសរសេរ ខ្ញុំករុណា តែនិយាយថា ខ្ញុំកូរណា ឬ តុ ថា តុក
LikeLike
គាំទ្រនឹងមតិឲ្យប្រើ «តែម្តង»។
LikeLike