បាវចនាជាតិរបស់កម្ពុជាមាន៖ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រាន់តែជាទូទៅ យើងរាប់បញ្ចូលទាំងពាក្យ 'ព្រះរាជាណាចក្រកម្ពុជា' ដែលដាក់នៅខាងលើពាក្យទាំងបីនេះ។ បាវចនាជាតិប្រើបានតែចំពោះឯកសារស្ថាប័នរដ្ឋប៉ុណ្ណោះ។ ស្ថាប័នឯកជនដូចជាក្រុមហ៊ុន, សមាគម, អង្គការ, មូលនិធិ (ឯកជន), និងគ្រប់អាជីវកម្មតូចធំ មិនអាចប្រើបាវចនាជាតិលើឯកសាររបស់ខ្លួនបានឡើយ សូមី្បតែត្រា, លើកលែងតែឯកសារដែលត្រូវឆ្លងកាត់ឬជាតម្រូវការរបស់អាជ្ញាធរ។ ចំពោះថាតើមានប្រភេទឯកសារអ្វីខ្លះ? នោះម្ចាស់ស្ថាប័នឯកជនត្រូវជួបនឹងអាជ្ញាធរដោយផ្ទាល់។ តាមរបៀបរបបរដ្ឋបាល បាវចនាជាតិត្រូវតែដាក់នៅផ្នែកខាងលើបង្អស់នៃលិខិតឬសំណើ ដោយប្រើទំហំអក្សរធំជាងឃ្លា និងប្រយោគផ្សេងៗ។ និមិត្តសញ្ញារបស់ស្ថាប័នត្រូវតែនៅក្រោមបាវចនាជាតិ ទោះបីជានិមិត្តសញ្ញានោះស្ថិតនៅជ្រុងខាងណានៃក្រដាសក៏ដោយ។ ការដាក់បាវចនាជាតិជាប្រភេទអក្សរដិត និងអក្សរឆ្លាក់ផ្សេងៗជារបៀបតុបតែង ហើយតែងប្រែប្រួលទៅតាមស្ថាប័ននីមួយៗ លើកលែងតែលិខិតផ្លូវការដែលត្រូវបញ្ជូនចេញទៅក្រៅស្ថាប័ន (និងលិខិតឬសំណើមួយចំនួនទៀត) ដែលអ្នកធ្វើការក្នុងការិយាល័យរដ្ឋបាលតែងនិយាយថា 'ត្រូវមានក្បាលលិខិត', នោះការរៀបចំ និងតាក់តែងបាវចនាជាតិត្រូវគោរពតាមគោលការណ៍រដ្ឋបាល ទាំងប្រភេទអក្សរឆ្លាក់, ទំហំ និងពណ៌៕