ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។ «កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។ កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។ បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។ បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ … Continue reading កង់ឌុប