តើក្នុង CV ជាភាសាខ្មែរគួរដាក់បាវចនាជាតិឬទេ?

Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕

តើកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតរូបដែរឬទេ?

នៅក្នុងការិយាល័យថ្នាក់ដឹកនាំនៃស្ថាប័នតែងមានបន្ទប់មួយមុននឹងចូលដល់បន្ទប់ផ្ទាល់របស់ថ្នាក់ដឹកនាំ ដែលជាទូទៅហៅថា 'លេខាធិការដ្ឋាន' បើនៅស្ថាប័នធំហៅថា 'ការិយាល័យជំនួយការ'។ល។ លេខាធិការដ្ឋាននេះជាការិយាល័យរបស់ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ។ ជាទូទៅ ក្រុមលេខាធិការដ្ឋានតែងមានប្រធាន និងក្រុមការងារ។ ស្ថាប័នខ្លះមានប្រធាន និងអនុប្រធាន, ស្ថាប័នខ្លះមានតែប្រធាន។ ក្រុមការងារក្នុងលេខាធិការដ្ឋានមានតួនាទីជាអ្នកសម្របសម្រួលការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះមានការរៀបចំកាលវិភាគការងារផងដែរ។ តើតារាងកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតដែរឬទេ? នេះអាស្រ័យលើថ្នាក់ដឹកនាំនៃស្ថាប័ននោះ ប៉ុន្តែត្រូវមានរបៀបរបប និងលំដាប់លំដោយ មុននឹងឲ្យឬមិនឲ្យ ដោយប្រធាននៃលេខាធិការដ្ឋានត្រូវចូលជួបថ្នាក់ដឹកនាំ និងរៀបរាប់តាមស្ថានភាពជាក់ស្តែង។ ថ្នាក់ដឹកនាំនឹងពិចារណា និងប្រាប់ពីការសម្រេចចិត្តរបស់គាត់ ដែលការសម្រេចចិត្តនេះមិនអាចកែប្រែដោយបុគ្គលណាផ្សេងឡើយ សូមី្បតែប្រធានលេខាធិការដ្ឋានក៏ដោយ។ តើការសម្រេចចិត្តឲ្យថតឬមិនថតកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ខុសឬត្រូវ? គ្មានខុសគ្មានត្រូវទេ, ព្រោះមិនទាក់ទងនឹងគោលការណ៍ឬច្បាប់ណាមួយរបស់រដ្ឋបាលរដ្ឋឡើយ។ វាជាសិទ្ធិបុគ្គល។ ដូច្នេះទោះថ្នាក់ដឹកនាំមិនឲ្យថតឬមិនឲ្យដឹងកាលវិភាគរបស់គាត់ ក៏មិនខុសដែរ៕ https://videopress.com/v/id9dFOCt?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fchantchhaya.wordpress.com%2Fwp-content%2Fuploads%2F2025%2F06%2Fslide1-1.png&preloadContent=metadata&useAverageColor=true

តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?

ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕

តើខ្ញុំផ្សព្វផ្សាយពីគេហទំព័រខ្ញុំយ៉ាងដូចម្តេច?

ប្រធានបទ ៖ វិធីសាស្ត្រផ្សព្វផ្សាយគេហទំព័រ ប្រភេទ ៖ បទពិសោធផ្ទាល់ខ្លួន វេទិកាដែលប្រើ ៖ វីដេអូ គោលបំណង - ដើមី្បផ្សព្វផ្សាយពីគេហទំព័រ - ដើមី្បទាក់ទាញអតិថិជនចូលមកទស្សនាគេហទំព័រ - ដើមី្បផ្សាយពាណិជ្ជកម្មពីគេហទំព័រ ដោយមិនចាំបាច់ចំណាយលុយបង់សេវាកម្មផ្សាយពាណិជ្ជកម្ម វិធីសាស្ត្រ - បង្កើតវីដេអូខ្លី ក្រោម ២០ វិនាទី - ប្រើប្រាស់សំឡេងផ្ទាល់ខ្លួន - រៀបរាប់សង្ខេបពីផលិតផលដែលដាក់នៅក្នុងវីដេអូ ៖ + នេះជាគំរូរបាយការណ៍កិច្ចប្រជុំសម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ + អាចចូលទៅទាញយក នៅលើគេហទំព័រ ..... + មិនមានបង់ប្រាក់ - ដាក់អាសយដ្ឋានគេហទំព័រនៅចុងបញ្ចប់នៃវីដេអូ - ដាក់ទៅក្នុងវេទិកា ក្នុងមួយថ្ងៃ ៣ វីដេអូ លទ្ធផល គោលបំណងទី ១ - សម្រេច គោលបំណងទី ២ - សម្រេច គោលបំណងទី ៣ - … Continue reading តើខ្ញុំផ្សព្វផ្សាយពីគេហទំព័រខ្ញុំយ៉ាងដូចម្តេច?