និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»