តើក្នុង CV ជាភាសាខ្មែរគួរដាក់បាវចនាជាតិឬទេ?

Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕

បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ

ជាទូទៅ ឯកសាររដ្ឋបាលស្ថាប័នរដ្ឋធ្វើលើក្រដាស A4។ ដូច្នេះពេលប្រើពាក្យ «ក្រដាស» សម្រាប់ឯកសាររដ្ឋបាល គឺសំដៅដល់ក្រដាស A4 ទាំងមូលតែម្តង។ តាមបែបបទរដ្ឋបាល, អត្ថបទមិនសរសេរពេញលើក្រដាសទេ។ អត្ថបទត្រូវសរសេរក្នុងប្រអប់មានខ្សែបន្ទាត់រុំព័ទ្ធ ដែលអាចមើលឃើញក្នុងកុំព្យូទ័រ។ ការបែងចែកផ្នែកនៃក្រដាស៖ - ចាប់ពីឈ្មោះនាយកដ្ឋានឡើងទៅ ហៅថា «ផ្នែកខាងលើក្រដាស» ឬ «ផ្នែកខាងលើនៃសន្លឹក»។ - ចាប់ពីខ្សែបន្ទាត់រុំព័ទ្ធដែលស្ថិតនៅក្រោមចុះទៅក្រោម ហៅថា «ផ្នែកខាងក្រោមក្រដាស»។ - ចុងក្រដាសហៅថា ចុងសន្លឹក។ ឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នមានដូចជា៖ - របាយការណ៍ - កំណត់ហេតុ - និងសំណើសុំផ្សេងៗ ត្រូវផ្តើមដោយពាក្យ «សូមគោរពជូន»។ ចាប់ពីពាក្យ «សូមគោរពជូន» នេះ ជាទូទៅអាចហៅថា «អត្ថបទ» ឬ «អត្ថបទឯកសារ» ហើយអត្ថបទឯកសារចប់នៅត្រឹមឃ្លា៖ សូម.................... ទទួលនូវការគោរពពី...............។ គ្រប់ឯកសាររដ្ឋបាលត្រូវតែមានកាលបរិច្ឆេទ។ សម្រាប់ឯកសាររដ្ឋបាលទូទៅចរាចរក្នុងស្ថាប័ន ដូចដែលបានរៀបរាប់ខាងលើ ត្រូវដាក់កាលបរិច្ឆេទបន្ទាប់ពីអត្ថបទ។ ដោយឡែក ចំពោះ «លិខិតអញ្ជើញ» បុគ្គល, អង្គភាព … Continue reading បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ

តើកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតរូបដែរឬទេ?

នៅក្នុងការិយាល័យថ្នាក់ដឹកនាំនៃស្ថាប័នតែងមានបន្ទប់មួយមុននឹងចូលដល់បន្ទប់ផ្ទាល់របស់ថ្នាក់ដឹកនាំ ដែលជាទូទៅហៅថា 'លេខាធិការដ្ឋាន' បើនៅស្ថាប័នធំហៅថា 'ការិយាល័យជំនួយការ'។ល។ លេខាធិការដ្ឋាននេះជាការិយាល័យរបស់ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ។ ជាទូទៅ ក្រុមលេខាធិការដ្ឋានតែងមានប្រធាន និងក្រុមការងារ។ ស្ថាប័នខ្លះមានប្រធាន និងអនុប្រធាន, ស្ថាប័នខ្លះមានតែប្រធាន។ ក្រុមការងារក្នុងលេខាធិការដ្ឋានមានតួនាទីជាអ្នកសម្របសម្រួលការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះមានការរៀបចំកាលវិភាគការងារផងដែរ។ តើតារាងកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតដែរឬទេ? នេះអាស្រ័យលើថ្នាក់ដឹកនាំនៃស្ថាប័ននោះ ប៉ុន្តែត្រូវមានរបៀបរបប និងលំដាប់លំដោយ មុននឹងឲ្យឬមិនឲ្យ ដោយប្រធាននៃលេខាធិការដ្ឋានត្រូវចូលជួបថ្នាក់ដឹកនាំ និងរៀបរាប់តាមស្ថានភាពជាក់ស្តែង។ ថ្នាក់ដឹកនាំនឹងពិចារណា និងប្រាប់ពីការសម្រេចចិត្តរបស់គាត់ ដែលការសម្រេចចិត្តនេះមិនអាចកែប្រែដោយបុគ្គលណាផ្សេងឡើយ សូមី្បតែប្រធានលេខាធិការដ្ឋានក៏ដោយ។ តើការសម្រេចចិត្តឲ្យថតឬមិនថតកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ខុសឬត្រូវ? គ្មានខុសគ្មានត្រូវទេ, ព្រោះមិនទាក់ទងនឹងគោលការណ៍ឬច្បាប់ណាមួយរបស់រដ្ឋបាលរដ្ឋឡើយ។ វាជាសិទ្ធិបុគ្គល។ ដូច្នេះទោះថ្នាក់ដឹកនាំមិនឲ្យថតឬមិនឲ្យដឹងកាលវិភាគរបស់គាត់ ក៏មិនខុសដែរ៕ https://videopress.com/v/id9dFOCt?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fchantchhaya.wordpress.com%2Fwp-content%2Fuploads%2F2025%2F06%2Fslide1-1.png&preloadContent=metadata&useAverageColor=true

របៀបអញ្ជើញបុគ្គលិកចូលរួមវិបស្សនាការងារនៅស្ថាប័នឯកជន

ជាទូទៅ ស្ថាប័នឯកជនប្រើសារអេឡិចត្រូនិចច្រើនជាងក្រដាស។ ដោយសារតែវិបស្សនាការងារ ឬ retreat ជាកម្មវិធីផ្ទៃក្នុង ដូច្នេះខាងផ្នែករដ្ឋបាលនឹងផ្ញើសារអេឡិចត្រូនិចទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលត្រូវចូលរួមកម្មវិធីនេះ ដោយបញ្ជាក់នៅក្នុងសារនូវព័ត៌មានចាំបាច់ ដូចជា៖ - កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ - កាលបរិច្ឆេទថ្ងៃ និងម៉ោងចេញដំណើរ - ទីកន្លែងធ្វើកម្មវិធី - សកម្មភាពដែលត្រូវមាន។ល។ មានស្ថាប័នមួយចំនួនមិនសរសេរក្នុងសារអេឡិចត្រូនិចទេ ដោយពួកគេរៀបរបៀបវារ: retreat ជាបែបឌីជីថល រួចភ្ជាប់ក្នុងសារអេឡិចត្រូនិចដែលផ្ញើទៅកាន់បុគ្គលិក។ បែបបទអញ្ជើញចូលរួមវិបស្សនាការងាររបស់ស្ថាប័នឯកជនមានភាពទូលំទូលាយ និងសម្បូរបែបជាងបែបបទនៅស្ថាប័នរដ្ឋ។ ចំណុចខុសគ្នាមួយទៀតគឺស្ថាប័នរដ្ឋប្រើភាសាខ្មែរ ឯស្ថាប័នឯកជនអាចប្រើភាសាខ្មែរក៏បានភាសាបរទេសក៏បាន អាស្រ័យលើការគ្រប់គ្រង របស់ពួកគេ៕ https://videopress.com/v/zCsnIJOZ?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true